ភ្នំពេញ៖ ក្រោយពេលមានមនុស្សស្លាប់ ដោយសារផឹកស្រាថ្នាំចិនសែ យីហោតាំងគួយ សមត្ថកិច្ចបាន បន្តស្រាវជ្រាវ និងដើរប្រមូលស្រាថ្នាំប្រភេទនេះ ជាបន្តបន្ទាប់ ដើម្បីយកទៅពិសោធន៍ ដោយសង្ស័យថា ស្រានេះផលិតមិនត្រឹមត្រូវ បណ្តាលឲ្យពុលអ្នកផឹក។ បន្ទាប់ពីសមត្ថកិច្ចចម្រុះ ចុះត្រួតពិនិត្យទីតាំងចែកចាយស្រាថ្នាំចិនសែយីហោតាំងគួយ នៅក្នុងស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីប៉ុន្មានថ្ងៃមុននេះ។ សមត្ថកិច្ច បន្តចុះឆែកឆេរ ដល់ទីតាំងផលិតផ្ទាល់តែម្តង កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញ នៅត្រង់ចំណុច ឃ្លាំងមួយកន្លែង ស្ថិតក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ តែគួរឲ្យស្តាយ ទំនងជាម្ចាស់ហាងដឹងខ្លួនមុន ក៏រៀបរបស់ទុក បំបិតភ័ស្តុតាង ហើយរត់គេចខ្លួនតែម្តង។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់ទីតាំងសិប្បកម្មផលិតនិងចែកចាយមានឈ្មោះ ខ្វៅ សុវណ្ណ ភេទប្រុស អាយុប្រហែលជា៧០ឆ្នាំ នឹងប្រពន្ធឈ្មោះ ហម វាគា ភេទស្រី អាយុ៦០ឆ្នាំ ពួកគេទាំង២នាក់ បានបិទទ្វាររួចចាក់សោរផ្ទះ និងបំផ្លាញវត្ថុតាង រួចរត់គេចខ្លួនអស់រយះពេលចំនួនពីថ្ងៃមកហើយ។ ពេលទៅដល់ជាក់ស្តែង សមត្ថកិច្ចរកឃើញ តែសំណល់សំបកដប និងធុងចំណុះ១០០០លីត្រ ដែលម្ចាស់យកទៅបោះចោលក្នុងព្រៃតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា បើតាមអ្នកដឹងហេតុការណ៍ បាននិយាយថា កន្លងមកកន្លែងផលិតស្រាថ្នាំនេះ បានទិញវត្ថុធាតុដើម (អាល់កុល) ពីក្រុមហ៊ុនSKD តែមួយរយៈក្រោយនេះ ម្ចាស់សប្បកម្ម មិនបានបន្តទិញអាល់កុល ពីក្រុមហ៊ុនខាងលើទៀតទេ គឺទិញពីកន្លែងផ្សេង ហើយសុទ្ធតែជាអាល់កុលក្លែងក្លាយ ដែលមានតម្លៃថោក។
គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសង្ស័យពុលស្រា កើនដល់៧នាក់ និងជាង២០នាក់ កំពុងសង្គ្រោះបន្ទាន់ នៅតាមមន្ទីរពេទ្យនានា។ ករណីនៅមិនទាន់មានប្រភពព័ត៌មានជាក់លាក់ពីមន្ត្រី នៅឡើយទេ ជុំវិញការស្លាប់មនុស្សជាច្រើននាក់ ថាតើកើតឡើងដោយសារពុលស្រាថ្នាំនេះ ឬក៏យ៉ាងណានោះទេ។ ក៏ប៉ុន្តែតាមការសន្និដ្ឋានបឋម របស់មន្ត្រីជំនាញ បានសង្ស័យថា ស្រាថ្នាំនេះ ប្រើប្រាស់អាល់កុលក្លែងក្លាយ និងបានលាយជាតិមេតាណុលច្រើនលើសកំរិត ទើបអាចបណ្តាលឲ្យពុលបែបនេះ បើសិនអ្នកទទួលទានផឹកច្រើន៕ រូបភាព និងអត្ថបទ៖ ឆាយ តារា
Bardzo interesujące informacje! Idealnie to, czego szukałem ochronne maseczki ochronne maseczki.