More

    រដ្ឋបាលខេត្តប៉ៃលិនទទួលយកបញ្ហា ប្រឈមក្នុងខេត្ត និងប្រាប់ឲ្យមន្ទីរពាក់ព័ន្ធ ជម្រុញដោះស្រាយឲ្យបានឆាប់រហ័ស

    spot_img

    ប៉ៃលិន៖ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានដាក់បញ្ហាប្រឈមមួយចំនួន ឲ្យអាជ្ញាធរខេត្តដោះស្រាយ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៣ របស់ខ្លួន ស្ថិតក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត អាជ្ញាធរក្រុង/ស្រុក និងឃុំ/សង្កាត់ជាច្រើននាក់ផងដែរ។

    នៅក្នុងកិច្ចប្រជុំនាឱកាសនោះ ក្រុមប្រឹក្សាខេត្តបានលើកឡើង នូវបញ្ហាប្រឈមសំខាន់ៗមួយចំនួន ដូចជា៖
    – ទី១.ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៩។
    – ទី២.ពិនិត្យ និងអនុម័តរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែមករា ឆ្នាំ២០២១។
    – ទី៣.ពិនិត្យ និងអនុម័របាយការណ៍ស្តីពីការអនុវត្តការងារប្រចាំឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត ។
    – ទី៤.ពិនិត្យ និងអនុម័តកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២២-២០២៣។
    – ទី៥.ពិនិត្យ និងអនុម័តប្រតិទិនការងារសម្រាប់រៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២២ -២០២៣
    – និងទី៦. បញ្ហាផ្សេងៗ។

    ក្នុងកិច្ចប្រជុំឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើង នូវបញ្ហាប្រឈមមួយចំនួនដូចជា បញ្ហារបាយការណ៍ នៅតាមន្ទីរមួយចំនួនដាក់មកដដែលៗ, បញ្ហាផ្សារសាមគ្គីគ្មានសណ្តាប់ធ្នាប់ ឃើញនៅមានចតឡាន ម៉ូតូរញេរញ៉ៃលើដងផ្លូវ និងនៅមានអ្នកបើកបរបញ្រ្ចាស់ទិស មិនគោរពស្លាកចរាចរណ៍, បញ្ហាបរិស្ថាននៅក្នុងក្រុង ពិសេសផ្លូវវាងក្រុង, បញ្ហាជញ្ជីងតាមសៃឡូ, បញ្ហាឡានធំចេញតាមច្រកព្រំដែន បើកបរលឿន ដែលងាយបង្ករគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋជាដើម។

    ក្រោយស្តាប់ការលើកឡើងបញ្ហាសំខាន់ៗ ក្នុងកិច្ចប្រជុំរួចមក លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា រាល់បញ្ហាប្រឈម ដែលសមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងក្នុងកិច្ចប្រជុំនេះ រដ្ឋបាលខេត្តទទួលយក និងខិតខំប្រឹងប្រែងធ្វើការដោះស្រាយ អោយបានទាន់ពេលវេលា ព្រមទាំងបានក្រើនរំលឹក ដល់អាជ្ញាធរមូលដ្ឋាន ក្រុង/ស្រុក, ឃុំ/សង្កាត់ ជាពិសេសមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត ត្រូវមើលឡើងវិញ នូវរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋ ឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម គឺត្រូវមានទំនួលខុសត្រូវខ្ពស់លើតួនាទី ភារកិច្ច និងជំនាញការងាររបស់ខ្លួន ហើយបើបញ្ហាណា មិនអាចដោះស្រាយបាន សូមប្រញ៉ាប់រាយការណ៍មករដ្ឋបាលខេត្ត ដើម្បីធ្វើការដោះស្រាយបានទាន់ពេលវេលា។

    លោកជំទាវអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ក្រោមនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺបានយកចិត្តទុកដាក់ខ្ពស់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដូចនេះក្នុងនាមយើងជាអ្នកបម្រើសេវា ដល់ប្រជាពលរដ្ឋត្រូវមានឆន្ទះមុះមុត និងភាពស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ លើបញ្ហាដែលពួកគាត់ កំពុងប្រឈម និងសំណូមពរ។

    ឯកឧត្តម ជា ចាន់ឌិន ប្រធានស្តីទីក្រុមប្រឹក្សាខេត្តប៉ៃលិន បានមានប្រសាសន៍កោតសសើរ ដល់រដ្ឋបាលខេត្ត ដែលកន្លងមក បានខិតខំប្រឹងប្រែងធ្វើការដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋ ជាពិសេសការអនុវត្ត នូវគោលនយោបាយភូមិ/ឃុំមានសុវត្តិភាព នៅតាមមូលដ្ឋានមានប្រសិទ្ធិភាព និងការអភិវឌ្ឍន៍ខេត្ត ឱ្យមានការរីកចំរើនជាបន្តបន្ទាប់។

    នៅក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានស្តីទី ក៍បានមានប្រសាសន៍ផ្តាំផ្ញើរ ដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍តាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img