More

    កសិករដាំទំពាងបារាំងកំពុងព្រួយបារម្ភ ពីបញ្ហាជីវភាពគ្រួសារ ក្រោយដំណាំរបស់ពួកគាត់ កើតជំងឺប្រឈមការងាប់

    spot_img

    ប៉ៃលិន៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលពឹងផ្អែកលើមុខរបរដាំ ដំណាំបន្លែទំពាំងបារាំង កំពុងតែព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាជីវភាពប្រចាំថ្ងៃ នៅពេលដែលសង្កេតឃើញដំណាំរបស់ពួកគាត់ កំពុងទទួលរងការកើតនូវមេរោគ មានជំងឺងាប់ដើម បណ្ដាលឲ្យខូចខាតអស់ជាច្រើន។

    បើតាមការរៀបរាប់ពីបុរសម្នាក់ឈ្មោះ ជួន ទី អាយុ២៨ឆ្នាំ ជាកសិករ រស់នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបរាប់ឲ្យដឹងនៅព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២០នេះថា គាត់បានប្រកបមុខរបរដាំ ដំណាំទំពាំងបារាំងនេះ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោយពួកគាត់បាន ទិញគ្រាប់ពូជ មកពីប្រទេសថៃក្នុងមួយខាំ តម្លៃ១០ម៉ឺនរៀល។ ដាំរយៈពេលប្រហែល៨ខែ ទើបអាចប្រមូលផលបាន។ ដោយចាប់តាំងពីមុន រហូតមកដល់ពេលនេះ គឺដំណាំរបស់គាត់ គ្មានបញ្ហាអ្វីកើតឡើងឡើយ ទើបតែនៅឆ្នាំចុង២០២០ ដោយសារតែអាកាសធាតុ មានការប្រែប្រួល ដោយភ្លៀងច្រើន ស្រាប់តែដំណាំទំពាំងបារាំងរបស់គាត់ មានការងាប់ដើម ចាប់តាំងពីស្លឹករហូតទៅដល់ឫស ខូចខាតជាបន្តបន្ទាប់ ពីមួយដើមទៅមួយដើមឆ្លងគ្នា ទោះបីជាគាត់ខិតខំប្រឹង រកវិធីដើម្បីព្យាបាល ដូចជារកថ្នាំបាញ់ ដាក់ជី យ៉ាងណាក៏ដោយ នៅតែគ្មានទទួលបានលទ្ធផលល្អនោះឡើយ។ ដែលជាហេតុ ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ ពីសេដ្ឋកិច្ចគ្រួសាររបស់គាត់។

    ពលរដ្ឋបន្តទៀតថា គាត់បានដាំទំពាំងបារាំងនេះ ចំនួនជាង១ម៉ឺនដើម ដោយប្រមូលផលក្នុងមួយថ្ងៃ លក់បាន១០ ទៅ ២០គីឡូក្រាម ក្នុងមួយគីឡូ លក់ដុំឲ្យម៉ូយតម្លៃ១៤០០០រៀល ដោយមានម៉ូយមកពីខេត្តផ្សេងៗ ដូចជា ខេត្តសៀមរាប ខេត្តបាត់ដំបង រហូតដល់រាជធានីភ្នំពេញផងដែរ។

    ករណីកសិករបារម្ភពី ដំណាំទំពាំងបារាំងខូចខាតបែបនេះ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានប្រាប់ឲ្យសារព័ត៌មានយើងដឹង កាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះថា លោកបានឲ្យក្រុមការងារ ចុះទៅត្រួតពិនិត្យចំការខាងលើរួចរាល់ហើយ កាលពីព្រឹកមិញនេះ ឃើញថាមានការខូចខាតពិតប្រាកដមែន។ លោកបានបន្តទៀតថា ការខូចខាតនេះ គឺដោយសារតែប្រជាពលរដ្ឋ ដាំដំណាំនៅលើដីដដែលៗ រយៈពេលយូរ បូករួមអាកាសធាតុមិនអំណោយផល ដោយសារភ្លៀងធ្លាក់ច្រើន ទើបបណ្ដាលឲ្យមានការកើតរោគខូចខាតបែបនេះ។ លោកថាខាងមន្ទីរកសិកម្ម កំពុងតែឱ្យជំនាញ ក៏ដូចជាអ្នកលក់ផលិតផល និងថ្នាំព្យាបាល ចុះទៅជួយកសិករផងដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img