កណ្តាល៖ រថយន្តដឹកដែកពុម្ពចាក់សរសរ របស់ក្រុមហ៊ុនSVកងដឹកជញ្ជូន បត់ឆ្លងផ្លូវ ទាំងច្រង៉េងច្រង៉ាង លយដែកចេញក្រៅ ធ្វើឲ្យនារីវ័យក្មេង២នាក់ ជិះម៉ូតូទៅបុក បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៨ និង១០នាទីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចមុខ សិប្បកម្មធ្វើសរសគ្រឹះ តាមបណ្តោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១៦-១៧ នៅខាងលិចផ្សារផ្លាហ្សាកៀនស្វាយ ប្រមាណ៥០ម៉ែត្រ នៅក្នុងភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ សេក ស៊ូហៃឡា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅម៉ាត២៥០០ មុខមន្ទីពេទ្យរុស្សុី ស្នាក់នៅបន្ទប់ជួលជិតស្ពានថ្ម នៅខាងមុខមន្ទីពេទ្យរុស្សុី ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មានស្រុកកំណើតនៅភូមិប្រធាតុ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាម្ចាស់ម៉ូតូ និងជាអ្នកឌុប។ ជនរងគ្រោះដែលរបួសមានឈ្មោះ សុឹម ល័ក្ខ ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការខាងអ្នកគិតលុយម៉ាតមួយកន្លែង ស្នាក់នៅជិតនារីរងគ្រោះខាងលើ មានស្រុកកំណើត នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាអ្នកជិះពីក្រោយ។ ចំណែកអ្នកបើករថយន្ត មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ដោយសាររត់គេចខ្លួនបាត់។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តម៉ាក FUSO ក្បាលពណ៌សលាយខៀវ ពាក់ស្លាកលេខព្រះសីហនុ3A.3903 បិតផ្លាកក្រុមហ៊ុន S.V កងដឹកជញ្ជូន ជាប្រភេទរថយន្តស្ទូច ដឹកដែកពុម្ពចាក់សសរគ្រឹះ លយដែកចេញមកក្រៅ ខុសបច្ចេកទេស បើកតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បត់ឆ្វេងដៃចូលការដ្ឋាន តែមិនទាន់ផុត ព្រោះសល់ដែកពុម្ពលៀនមកក្រោយខ្លាំងពេក ក៏ស្រាប់តែមាននារី២នាក់ខាងលើ ជិះម៉ូតូម៉ាកMSX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1DE.1515 ធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នា ពីកើតទៅលិចយ៉ាងលឿន ខំជៀសដែរ តែជៀសផុតតែតួរថយន្ត ដោយសភាពងងឹតផង មិនដឹងថាមានដែកពុម្ព លយទៅក្រោយទៀត ក៍បុក ចំដែកពុម្ពចាក់សសរគ្រឹះនោះ ដែលរថយន្តដឹកលយចេញ មកក្រោយប្រវែង ជាង៤ម៉ែត្រខុសស្តង់ដារឡាន បណ្ដាលឲ្យដួលបោកក្បាល ស្លាប់នារីម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកឯម្នាក់ទៀតរងរបួសធ្ងន់ បែកមុខបែកមាត់។ ភ្លាមៗអ្នកបើករថយន្ត ធ្វើដូចគ្មានរឿងកើតឡើង ក៏បើកចូលក្នុងសិប្បកម្ម ចាក់សរសគ្រឹះនោះ ទុករថយន្តចោល ហើយបើកទ្វាររត់បាត់ស្រមោលតែម្តង មិនខ្ចីខ្វល់នឹងជនរងគ្រោះ ឬមួយជួយដឹកទៅពេទ្យឡើយ មានតែម្នាក់ៗខំបន្ទោស ខាងជនរងគ្រោះថែម។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ ចុះមកដល់វាស់វែងបានយក រថយន្ត និងម៉ូតូទៅរក្សាទុក នៅស្រុកកៀនស្វាយ រងចាំដោះស្រាយគ្នា នៅពេលក្រោយ ដោយឡែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ឲ្យសាច់ញាតិ ដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល