ទំព័រដើម ទំព័រដើម ផ្លូវកៅស៊ូពីចំណុចស្វាយប៉ាត ឆ្ពោះទៅស្រុកសង្គមថ្មី កំពុងរងការបំផ្លាញដោយក្រុមរថយន្តដឹកដី

ផ្លូវកៅស៊ូពីចំណុចស្វាយប៉ាត ឆ្ពោះទៅស្រុកសង្គមថ្មី កំពុងរងការបំផ្លាញដោយក្រុមរថយន្តដឹកដី

- ពាណិជ្ជកម្ម -

ព្រះវិហារ៖ ផ្លូវមេ១ខ្សែរជាប្រភេទផ្លូវក្រាលកៅស៊ូ ដែលតភ្ជាប់ពីចំនុចស្វាយប៉ាត ឆ្ពោះទៅកាន់ស្រុកសង្គមថ្មី ដែលស្ថាបនា ដោយមន្ទីរអភិវឌ្ឍន៏ជនបទខេត្តព្រះវិហារ កំពុងត្រូវបានរងការបំផ្លាញ ដោយក្រុមឈ្មួញដឹកដី ខណៈដែលអាជ្ញាធរមិនទាន់មានវិធានការទប់ស្កាត់។

យោងតាមក្រុមប្រជាពលរដ្ឋ បានឲ្យដឹងថា ផ្លូវមេមួយខ្សែខាងលើ ដែលស្ថិតក្នុងស្រុកសង្គមថ្មីនេះ ជាចំណងដៃដ៏មហាសាល របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរអភិវឌ្ឍន៍ ដើម្បីទុកឲ្យពលរដ្ឋប្រើប្រាស់ តាំងពីដូនតារហូត តកូនតចៅ ធ្វើឲ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរ តែគួរឲ្យស្តាយ មួយរយៈចុងក្រោយនេះ ផ្លូវនេះបានរងការវាយប្រហារ ដោយក្រុមរថយន្តដឹកដីធ្ងន់ៗ បំផ្លាញជារៀងរាល់ថ្ងៃ ធ្វើឲ្យផ្លូវខូច មិនអាចធ្វើដំណើរបានស្រួលដូចមុនឡើយ ខណៈដែលខាងអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ក៏សម្ងំមិនមានវិធានការដែរ។

ពាក់ព័ន្ធនឹងការដឹកជញ្ជូនដីរបស់ក្រុមឈ្មួញ ធ្វើឲ្យខូចផ្លូវសាធារណៈ ដែលជាចំណងដៃដ៏មហាសាល របស់រដ្ឋាភិបាលបែបនេះ លោក ម៉ប់ ធីរិត ប្រធានមន្ទីរអភិវឌ្ឍន៏ជនបទខេត្តព្រះវិហារ បានឲ្យដឹងថា ផ្លូវខាងលើនេះគឺស្ថាបនាឡើង​ ដោយមន្ទីរអភិវឌ្ឍន៏ជនបទខេត្ត តែក្រោយការស្ថាបនារួច មន្ទីរអភិវឌ្ឍន៏ជនបទ បានប្រគល់ឲ្យទៅអាជ្ញាធរស្រុក ជាអ្នកគ្រប់គ្រង ហើយលោកក៏មិនបានដឹង អំពីស្ថានភាពផ្លូវខូចនេះដែរ។

ចំណែកលោក ជុំ ពុយ អភិបាលស្រុកសង្គមថ្មី បានមានប្រសាសថា លោកសប្បាយចិត្ត ដែលទទួលបានព័ត៌មាន ពីក្រុមអ្នកសាព័ត៌មានបែបនេះ ក៏ប៉ុន្តែលោកបានបញ្ជាក់ថា បញ្ហាដែលក្រុមឈ្មួញដឹកដី បណ្តាលឲ្យខូចផ្លូវខាងលើបែបនេះ លោកហាក់ដូចជាស្ទាក់ស្ទើរ ក្នុងការទប់ស្កាត់ ព្រោះហេតុផលថា ម្ចាស់គ្រឿងចក្រនោះ ជាទាហានមានអំណាចម្នាក់។ យ៉ាងណាក៏ដោយលោកថា នឹងចាត់ឲ្យអភិបាលរងស្រុក កោះហៅម្ចាស់គ្រឿងចក្រ និងម្ចាស់រថយន្តមកធ្វើកិច្ចសន្យាបញ្ឈប់ ព្រមទាំងធ្វើកិច្ចសន្យា ឲ្យជួសជុលផ្លូវឡើងវិញផងដែរ។

ជុំវិញការកាយយកអាចម៍ដីលក់ ហើយដឹកជញ្ជូនរហូតខូចអស់ផ្លូវមួយខ្សែបែបនេះ យើងមិនទាន់អាចដឹងថា អាជីវកម្មដ៏បំផ្លាញខាងលើនេះ មានច្បាប់ ឬអត់យ៉ាងណានោះទេ ដោយសារទំនាក់ទំនងទៅកាន់ លោក យូ ចិន្តាយុទ្ធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ ជាច្រើនលើកគ្មានអ្នកទទួល។

ករណីនេះផងដែរ ប្រជាពលរដ្ឋដែលធ្លាប់ប្រើប្រាស់ផ្លូវនេះ សំណូមពរឲ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ចូលរួមទប់ស្កាត់ ការដឹកជញ្ជូនដីដែលបំផ្លាញផ្លូវរបៀបនេះ ព្រោះថាផលចំណេញ បានលើក្រុមឈ្មួញ ពេលផ្លូវខូចពលរដ្ឋជាអ្នករងទុក្ខ ម្យ៉ាងទៀតគឺដើម្បី ថែរក្សាទ្រព្យសម្បត្តិសាធារណៈ ដែលបានមកពីអំណោយ ដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល៕ រូបភាព និងអត្ថបទ៖ សួន ក្រែង

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម