បន្ទាយមានជ័យ៖ សាច់មាន់ចម្រុះខូចគុណភាព៣៥០គីឡូក្រាម ត្រូវបានមន្ត្រីជំនាញស្ទាក់ចាប់បានពេលលួចចេញតាមច្រករបៀងខុសច្បាប់ ដុតកំទេចចោលនៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងបរិវេណមន្ទីរពិសោធខ្នាតតូចសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ នៅក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ បានប្រាប់ថា សាច់មានចម្រុះខូចគុណភាព ចំនួន៣៥០គីឡូក្រាមនេះ ត្រូវបានមន្ត្រីជំនាញ ក.ប.ប ចុះប្រតិបត្តិការ ឃ្លាំ ពិនិត្យ បង្ក្រាបបាននៅម៉ោង០៣ និង៣០នាទី ថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០២០ ដឹកតាមរ៉ឺម៉កម៉ូតូនៅចំណុចថ្នល់ជាតិលេខ៥៨ ភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោក បញ្ជាក់ថា សាច់មាន់ខូចគុណភាពទាំងនេះ ត្រូវបានឈ្មួញលួច នាំចូលតាមច្រករបៀងអូរបី នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដឹកឆ្ពោះមកលក់ចែកចាយនៅទីផ្សារ ក្រុងប៉ោយប៉ែត ដោយមានការណែនាំពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តបន្ទាយមានជ័យ បានអនុញ្ញាត ឲ្យម្ចាស់រ៉ឺម៉កវិលត្រលប់ទៅផ្ទះវិញ រីឯផលិតផលសាច់មាន់ ខូចគុណភាពប្រមាណ ៣៥០គីឡូក្រាម ត្រូវដុតបំផ្លាញចោល។
ប្រភពប្រាប់ថា ច្រករបៀងអូរបីជាន់ខាងលើ មានលួចចេញទំនិញគេចពន្ធគ្រប់ប្រភេទ មាន់ទារ ជ្រូក គោ ក្របី ភេសជ្ជៈ ពូក លួចនាំពលករឆ្លងដែនខុសច្បាប់ និងជាកន្លែង ស្តុកពលករខ្មែរចេញពីប្រទេសថៃមកកម្ពុជា មកពិនិត្យសុខភាពរកជំងឺកូវីត១៩ផងដែរ៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ