ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បានធ្វើការឃាត់ខ្លួនយុវជន៣ ម៉ូតូមួយគ្រឿង និងដំបងដែកពីដើម។
ប្រតិបត្តិការនេះធ្វើឡើង នៅវេលាម៉ោង០៩យប់ថ្ងៃទី០១ ខែវិធីការឆ្នាំ ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង មុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ដោយបានធ្វើការឃាត់ខ្លួនយុវជនចំនួន២ នាក់ជិះម៉ូតូម៉ាកហុងដាឃ្លិក ពណ៌សមួយគ្រឿង ពាក់ស្លាកលេខបាត់ដំបង1M-0285 ឆ្លងកាត់គោលដៅសមត្ថកិច្ច កំពុងត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរឹតបណ្តឹងច្បាប់ចរាចរណ៍ ដោយយុវជនទាំង៣ នាក់មិនពាក់មួកសុវត្ថិភាព ត្រូវបានកម្លាំងសមត្ថកិច្ចហៅឲ្យឈប់ និងឆែកឆេររកឃើញដំបងដែកចំនួនពីរដើម ត្រូវសមត្ថកិច្ចឃាត់ខ្លួនតឺម្តង។
បច្ចុប្បន្នយុវជនទាំង៣នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនទៅសួរនាំនៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោកដើម្បីចាត់ការបន្ត៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល