ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅល្ងាចថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២៥ឆ្នាំនៃអង្គការសមាគមអភិរក្សសត្វព្រៃ (Wildlife Conservation Society – WCS) នៅកម្ពុជា។
នៅក្នុងអង្គពិធី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអបអរសាទរចំពោះភាពជាដៃគូរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ដែលសម្រេចបានជោគជ័យក្នុងប្រតិបត្តិការនៅកម្ពុជារយៈពេល២៥ឆ្នាំកន្លងមកនេះ ហើយថែមទាំងបានឆ្លុះបញ្ចាំងពីភាពជោគជ័យ នៃកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងការពារ និងអភិរក្សធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជា។ ហើយកិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នានេះ បានបង្កើតឱកាសផ្សេងៗ និងធ្វើឱ្យជីវភាពរបស់ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន មានជីវភាពកាន់តែប្រសើរឡើង។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យអង្គការWCS បន្តពង្រឹងភាពជាដៃគូបន្តរវាងក្រសួងបរិស្ថាន និងអង្គការ WCS ក៏ដូចជាជាមួយអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីបន្តកសាងភាពជោគជ័យក្នុងការធានាថាធនធានធម្មជាតិ និងជីវៈចម្រុះរបស់កម្ពុជា ត្រូវបានការពារនិងអភិរក្សសម្រាប់មនុស្សជំនាន់ក្រោយ។
លោក Robert Menzi, ប្រធានស្តីទីនិងជាអគ្គនាយកអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) បានលើកឡើងដែរថា រយៈពេល២៥ឆ្នាំនេះ WCS បានចូលរួមជាដៃគូអភិវឌ្ឍ សហការជាមួយក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បានសម្រេចលើទិសដៅអភិវឌ្ឍន៍សំខាន់ៗ ជាពិសេស កិច្ចសហប្រតិបត្តិការដែលគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពសហគមន៍ ការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ដើម្បីចូលរួមចំណែកការពារប្រព័ន្ធអេកូឡូស៊ីតំបន់ កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការប្រែប្រួលអាកាសធាតុ។
គួរបញ្ជាក់ដែរថា កន្លងមកនេះ ភាពជាដៃគូសហការរវាងក្រសួងបរិស្ថាន និងអង្គការ WCS កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងតំបន់ការពារធនធានធម្មជាតិ៕