More

    ប្រជាពលរដ្ឋថាមានបទល្មើសព្រៃឈើ ស្ទើររៀងរាល់ថ្ងៃនៅក្នុងស្រុកបូទុមសាគរ និងគិរីសាគរ តែមិនសូវឃើញមន្ត្រីបរិស្ថានធ្វើការ

    spot_img

    កោះកុង៖ ក្រុមប្រជាពលរដ្ឋរស់នៅស្រុកបូទុមសាគរ បានរាយការណ៍ប្រាប់បណ្តាញសារព័ត៌មានថា ពួកគាត់បានឃើញ គេដឹកជញ្ជូនឈើ ស្ទើររៀងរាល់ថ្ងៃ កាត់ក្នុងភូមិសាស្ត្រី ស្រុកបូទុមសាគរ និងស្រុកគិរីសាគរ យកទៅឡើងតាមទូក បន្តចែកចាយតាមតំបន់ផ្សេងៗ ប៉ុន្តែមិនដែលឃើញមាន មន្ត្រីបរិស្ថានហាមឃាត់សោះ ពួកគាត់សង្ស័យតែឈើទាំងនោះ ចេះបំបាំងកាយ។

    កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ ក្រុមប្រជាពលរដ្ឋបាន រាយការណ៍ប្រាប់ បណ្តាញអ្នកសារព័ត៌មានថា ពួកគាត់ឃើញមានគំនឈើ ដុំ និងសន្លឹក ប្រហែល១០ម៉ែត្រគូប បានលាក់ទុកក្នុងដីមួយកន្លែង នៅខាងជើងផ្លូវបំបែកជា៤ ផ្សាកូនកុក ប្រហែលជាង២គីឡូម៉ែត្រ ក្បែផ្ទះពូយ៉ន ដែលជាថៅកែឈើប្រចាំស្រុក។ ពេលឃើញហេតុការបែបនេះ ពួកគាត់បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ឈើទាំងនោះប្រហែលជារបស់លោក យ៉ន ដែលជាថៅកែឈើនោះ ព្រោះកន្លងមកនរណាក៏ដឹងដែរថា លោក យ៉ន ធ្លាប់មានទំនាក់ទំនង ជាមួយឈ្មួញផ្សេងៗទៀត និងស្គាល់ជាមួយមន្ត្រីជំនាញជាច្រើនរូប ដឹកជញ្ជូនឈើលក់ជាញឹកញាប់ មិនដែលឃើញមានមន្ត្រីរូបណា ហ៊ានចាប់ឈើរបស់លោកយ៉នទេ សូម្បីតែអាជ្ញាធរ ឬខាងបរិស្ថានក៏ដោយ។

    ប្រភពពីពលរដ្ឋម្នាក់ផ្សេងទៀត ដែលធ្លាប់ប្រលូកក្នុងរបររកស៊ីឈ្នួល ដឹកឈើឲ្យគេនេះ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ដោយស្ងាត់ៗថា ឈើទាំងនោះ ភាគច្រើនគេដឹកចេញនាពេលយប់ តាមគោយន្ត ឬរថយន្ត ដែលដឹកយកទៅទម្លាក់ នៅចុងពយផែថ្មស ដើម្បីចម្លងទៅចែកចាយតាមដេប៉ូ ធំៗនៅស្រុកស្ទឹងហាវ និងតាមតំបន់ផ្សេងជាដើម។ ហើយជាទូទៅ ទាំងក្រុមអ្នកកាប់ ឬអារឈើ និងក្រុមអ្នកដឹកជញ្ជូន សុទ្ធតែមានមេកោយ ជាអ្នកកាង និងបានបង់ប្រាក់ឲ្យមន្ត្រីគ្រប់ច្រកល្ហក ទាំងបង់គិតជាជើង និងបង់គិតជាខែជាដើម ទម្រាំបានដល់គោលដៅនីមួយៗ។

    តាមប្រភពដដែល បានបញ្ជាក់ទៀតថា ចំពោះម៉ាស៊ីនអារឈើចំនួន១គ្រឿង មានអ្នកទារឲ្យបង់លុយប្រចាំខែចំនួន ២៥ម៉ឺនរៀល ចំពោះគោយន្តដឹកឈើវិញ គឺគេទារចំនួន៣០ម៉ឺនរៀលក្នុង១ខែ ក៏ប៉ុន្តែប្រភពមិនបានបញ្ជាក់ថា អ្នកយកប្រាក់ពីបទល្មើសព្រៃឈើនោះ ជាស្ថាប័នណាមួយឡើយ។

    ពាក់ព័ន្ធនឹងករណី មានសេចក្តីរាយការណ៍ថា គេឃើញមានបទល្មើសព្រៃឈើ ស្ទើររៀងរាល់ថ្ងៃ មិនឃើញមានមន្ត្រីបរិស្ថានបង្ក្រាបនេះ សារព័ត៌មានយើងបានព្យាយាមសុំការបកស្រាយពីលោក អុឹង មុន្នី ប្រធានការិយាល័យបរិស្ថាន ប្រចាំស្រុកបូទុមសាគរ និងគិរីសាគរ បាននៅឡើយទេ ដោយសារទូរស័ព្ទចូលជាច្រើនដង ពុំមានអ្នកទទួល ហើយពេលដែលក្រុមអ្នកសារព័ត៌មាន ព្យាយាមទៅសុំការបកស្រាយ ពីលោកនៅទីស្នាក់ការ លោកពុំនៅកន្លែងធ្វើការឡើយ។ ជាមួយគ្នានេះ ចំពោះគំនឈើ ដែលពលរដ្ឋរាយការណ៍ថា មានការលាក់ទុកក្បែរផ្ទះ ឈ្មួញឈើឈ្មោះ យ៉ន មន្ត្រីបរិស្ថានដែលជាកូនចៅ របស់លោក អុឹង មុន្នី បាននិយាយថា ឈើនោះគេទុកសម្រាប់សង់ផ្ទះ។

    ករណីនេះផងដែរ ក្រុមការងារយើងមិនទាន់ស្វែងរកការទំនាក់ទំនងពីលោក យ៉ន ឈ្មួញឈើ បាននៅឡើយទេ តែសារមិនមានប្រភពស្គាល់លេខសម្រាប់ទំនាក់ទនង៕ រូបភាព និងអត្ថបទ៖ សុគន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img