បាត់ដំបង៖ នៅព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក អុិន បូរ៉ា អគ្គស្នងការរង ទទួលផែននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកសង្កែ និងជាប្រធានក្រុមការងារឃុំវត្តតាមិម បានដឹកនាំក្រុមការងារ នាំយកអំណោយមនុស្សធម៌ របស់សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះចែកជូនដល់ពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ចំនួន ២០០គ្រួសារ ក្នុងឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។
នាឱកាសជួបសំណេះសំណាលនេះដែរ ឯកឧត្តម អុិន បូរ៉ា អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកសង្កែ បានមានប្រសាសន៍ ដោយទីមួយផ្ដាំផ្ញើ ទៅដល់បងប្អូនទាំងអស់ ដែលមាននៅទីនេះសូមឱ្យមានការ បង្កា ទប់ស្កាត់ ការពារនូវជំងឺ កូវីដ-១៩ ដោយចេះថែរក្សាការពារខ្លួនឯង និងចេះធ្វើការផ្សព្វផ្សាយទៅ ដល់បងប្អូនក្រុមគ្រួសារធ្វើយ៉ាងណា ចេះសំអាតអនាម័យរៀងៗខ្លួន ដើម្បីកុំឱ្យមានការឆ្លង។ទីពីរបញ្ហាដែលធ្ងន់ធ្ងរមួយទៀត គឺគ្រោះទឹកជំនន់ ដែលសព្វថ្ងៃនេះរាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នផ្សេងៗ រួមនឹងសមត្ថកិច្ចបាន និងកំពុងខិតខំសហការ ចុះជួយដល់ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ច ដែលជួបគ្រោះទឹកជំនន់នៅពេលនេះ។
ជាមួយគ្នានេះក្នុងនាមប្រតិភូគណបក្សប្រជាជន ឯកឧត្តមក៏បានថ្លែងអំណរគុណ ដល់សមាគមន៍ អភិវឌ្ឍន៍ពាណិជ្ជកម្មជើជាំងនៅកម្ពុជា ក៏ដូចជាគណកម្មការបក្សឃុំផងដែរ ដែលបានជួយសហការនាពេលនេះ ហើយនៅថ្ងៃនេះដែរដោយមានគោលការណ៍ ពីសម្តេចក្រឡាហោម ស ខេង សម្រាប់ឃុំវត្តតាមិមនេះ ពិសេសខេត្តបាត់ដំបង ក៏ដូចជាខេត្តដទៃទៀតប្រជាពលរដ្ឋ បានជួបគ្រោះទឹកជំនន់ និងកំពុងជួបការខ្វះខាតផងដែរ។
ដើម្បីជួយចែករំលែកនូវការខ្វះខាតនេះដែរ ក្រោមការដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយខេត្តបាត់ដំបង សម្តេចបានយកចិត្តទុកដាក់ និងបែងចែកសមាជិកក្រុមការងារបក្សទាំងអស់ ដើម្បីមានវិធានការ ចុះជួយមានទាំងសម្ភរ:និងថវិកា ចុះផ្តល់ជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះលិចលង់ខ្លាំង និងជនក្រីក្រជាដើម។
នៅថ្ងៃនេះដែរ ឯកឧត្តមនិងប្រតិភូ រួមនឹងក្រុមការងារទាំងអស់ បាននាំយកអំណោយមនុស្សធម៌ សម្តេចក្រឡាហោម ស ខេង មានអង្ករ គ្រឿងឧបភោគបរិភោគ និងថវិកា មួយចំនួនចែកជូនដល់ពលរដ្ឋ ដែលកំពុងជួបការលំបាក ដោយគ្រោះជំនន់ទឹកភ្លៀងនាពេលនេះ ហើយយើងគិតថាសម្ភារៈទាំងអស់នេះ យើងគិតថាបើទោះបីជាមិនអចិន្ត្រៃយ៍ ឬមួយយ៉ាងណាក៏ដោយ ប៉ុន្តែវាអាចកំដរនិងសម្រួលដល់ជីវភាពយើង បានមួយរយះពេលខ្លីផងដែរ៕ រូបភាព និងអត្ថបទ៖ភ្នំខៀវ