(ខេត្តបាត់ដំបង) ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបាត់ដំបង ឯកឧត្តម ព្រួញ រិទ្ធថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងនាមមន្ទីរជំនាញ ក៏ដូចជារដ្ឋបាលខេត្ត សូមអំពាវនាវអោយមានការយោគយល់ពីប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងទាំងមូល ព្រោះយើងដឹងច្បាស់ថា ការស្ថាបនាសាងសង់ ការអភិវឌ្ឍ គឺតែងតែជួបពីផលវិបាកដែលជៀសមិនផុត។
ឯកឧត្តមបានបញ្ជាក់ថា បញ្ហាលូទឹកកខ្វក់នៅក្នុងក្រុងបាត់ដំបង គឺមានទាំងប៉ែកខាងកើតស្ទឹង និងប៉ែកខាងលិចស្ទឹង ហើយសម្រាប់ប៉ែកខាងកើតស្ទឹងគឺយើងស្ថាបនាបាន៩៥%ហើយ ដោយឡែកប៉ែកខាងលិចស្ទឹងជួបបញ្ហាប្រឈមមួយខណះកំពុងតែស្ថាបនា ជំនន់ទឹកស្ទឹងបានបុកចូលក្រុងបណ្តាលអោយលិចផ្លូវមួយចំនួន ហើយក្រោយពីលិចភ្លៀងមួយអាទិត្យជាប់គ្នាទៀត ទើបបណ្តាលការស្ថាបនាសាងសង់មានជួបផលវិបាកប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមបានបញ្ជាក់ទៀតថា ដោយរយៈពេលមួយអាទិត្យចុងក្រោយនេះមេឃអំណោយផលល្អលោកក៏បានសម្របសម្រួលអោយក្រុមហ៊ុនស្រូតការងារណាដែលយើងធ្វើតេស្តលក្ខណៈបច្ចេកទេសចប់ហើយនិងធ្វើការជួសជុលសងវិញ ជាក់ស្ដែងដូចជាផ្លូវភ្លោះនៅសួនព្រែកមហាទេព ផ្លូវខាងពេទ្យធំ ផ្លូវវត្តរំដួល ក៏ដូចជាផ្លូវដទៃទៀត បាននិងកំពុងជួសជុលបណ្តើៗ។
ជាមួយគ្នានេះ ក្នុងនាមមន្ទីរជំនាញក៏ដូចជារដ្ឋបាលខេត្ត អំពាវនាវអោយមានការយោគយល់ពីប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងទាំងមូល ព្រោះយើងដឹងច្បាស់ថា ការស្ថាបនាសាងសង់ ការអភិវឌ្ឍ គឺតែងតែជួបពីផលវិបាកដែលជៀសមិនផុត ដូច្នេះសូមបងប្អូនមានការយោគយល់រយៈពេលខ្លី ហើយលោកនឹងជម្រុញការងារនិងអោយស្រូតបញ្ចប់ទៅតាមផែនការ៕