រហូតមកដល់ព្រឹកថ្ងៃទី៣១កក្កដានេះ នៅមិនទាន់មានព័ត៌មានចុងក្រោយស្តីពីសាកសពរបស់អ្នកបើកបរឧទ្ធម្ភាគចក្រ២នាក់ត្រូវបានដឹកជញ្ជូនចេញពីព្រៃបាននៅឡើយទេ។
ខណៈមានការរៀបចំមឈូសចំនួន២ជាស្រេចដាក់តាំងនៅវត្តថ្មដា ស្រុកវាលវែង ដើម្បីរង់ចាំសាកសពដឹកជញ្ជូនចេញពីទីតាំងដែលធ្លាក់។
យោងតាមនាយឧត្តមសេនីយ៍ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនិងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទដែលដឹកនាំប្រត្តិបត្តិការរុករកផ្ទាល់បានប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកកាលពីម្សិលមិញថាបន្ទាប់ពីរកឃើញសាកសពទាំង២នាក់ហើយប៉ុន្តែនៅជួបការលំបាកក្នុងការដឹកជញ្ជូនសពចេញពីព្រៃទៀត។
នាយឧត្តមសេនីយ៍ឥត សារ៉ាត់ បានបង្ហាញការលំបាកនេះថាមកពីអាកាសធាតុដោយភ្លៀងនៅបន្តធ្លាក់យប់ថ្ងៃ ហើយចុះអ័ព្ទងងឹតមើលគ្នាមិនឃើញក្នុងចំងាយ៥ម៉ែត្រ។
ចំណែកទីតាំងដែលធ្លាក់នៅទីជំរាលចង្កោះភ្នំដែលយើងត្រូវដឹកជញ្ជូនសាកសពចំងាយ១គីឡូកន្លះទៅទីវាលដែលឧទ្ធម្ភាគចក្រអាចចុះចតបាន។ហើយការចុះចតបានទាល់តែរាំងភ្លៀងនិងអ័ព្ទរសាយអស់។
ដូចនេះយើងត្រូវការពេលវេលា ដើម្បីរង់ចាំឱកាសដែលឧទ្ធម្ភាគចក្រអាចចុះយកសាកសពបានទៀត។
យោងតាមការរៀបចំ នៅពេលសាកសពអាចដឹកជញ្ជូនចេញពីព្រៃហើយ នឹងត្រូវបញ្ចុះក្នុងម្ឈូសដែលបានត្រៀមជាស្រេចនៅវត្តថ្មដា មុននឹងដឹកជញ្ជូនបន្តមកភ្នំពេញដែលបានត្រៀមរៀបចំជាស្រេច ខណៈសាកសពអាកាសយានិកទាំងពីររូបនឹងរៀបចំពិធីបុណ្យឱ្យស័ក្តិសមនឹងកិត្តិយសនៅទីបញ្ជាការដ្ឋានកងទ័ពអាកាស៕
ក្រសួងព័ត៌មាន – Ministry of Information