កោះកុង÷ រដូវវស្សាមកដល់ ភ្លៀងបន្តធ្លាក់ទាំងយប់ទាំងថ្ងៃ ខណៈដំណក់ទឹកភ្លៀងបង្អោរឥតស្រាកស្រាល រយៈពេល ៣ថ្ងៃមកហើយ ដោយលាយឡំនិងខ្យល់កន្ត្រាក់បក់បោកយ៉ាងខ្លាំង ដែលនាំនូវផលពិបាកដល់អាជីវករ និងអ្នកប្រកបរបររកស៊ីផ្សេងៗ ជាពិសេសអ្នកប្រកបរបរនាសាទតែម្ដង។
បើយោងតាមការលើកឡើងពីអាជ្ញាធរ សង្កាត់ទាំង៣ នៃក្រុងខេមរៈភូមិន្ទ សង្កាត់ស្មាច់មានជ័យ សង្កាត់ដងទង់ និងសង្កាត់ស្ទឹងវែង បានឱ្យដឹងដូចៗគ្នាថា ប្រជាពល រដ្ឋក្នុងសង្កាត់របស់លោក បានរងផលប៉ះពាល់នៅជំនន់ទឹកភ្លៀងបន្តិចបន្តួច នៅពេលភ្លៀងបន្តធ្លាក់ជាប់ជួបគ្នា តែក្រោយពីដាច់ដំណក់ទឹកភ្លៀង ទឹកក៏បានស្រកអស់ដូចដើម រីឯផ្ទះសម្បែងប្រជា ពលរដ្ឋមិនមានរងផលប៉ះពាល់អ្វីនោះទេគិតត្រឹមថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៤ នេះ ។
លោកបន្តថា នៅថ្ងៃទី ១៨ នេះ ភ្លៀងធ្លាក់ដោយមានលាយឡំខ្យល់កន្ត្រាក់បក់បោកយ៉ាងខ្លាំង ហើយលោកនៅមិនទាន់ទទួលបានទូលេខណាមួយនៅឡើយ ចំពោះហេតុការណ៍ផ្សេងៗ។
គួររំលឹកថា ប្រជាពលរដ្ឋរស់នៅតំបន់ជាប់សមុទ្រ ដូចជា÷ ខេត្តកែប កំពត កំពង់ សោម និងខេត្តកោះកុង ជួបការលំបាកខណៈរដូវវស្សាធ្លាក់មកដល់ ពិសេសអ្នករស់នៅតាមតំបន់កោះ រស់នៅអមតាមដៃព្រែកធំៗ មានការព្រួយបារម្ភ នៅពេលមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់បក់បោកមកម្ដងៗ។
បើនិយាយអំពីទូកនេសាទ នៅរដូវវស្សាអ្នកប្រកបរបរនេសាទ ចាប់ពីទូកនេសាទលក្ខណៈគ្រួសារ ទូកនេសាទមធ្យម និងទូកនេសាទធំៗ ត្រូវបានត្រឡប់មកចូលចតនៅកំពង់ផែ ឬតាមផែផ្សេងៗ ដែលអាចចូលចតមានសមត្ថភាព ពីព្រោះក្នុងរដូវវស្សា មានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនមេ ដោយមានលាយឡំខ្យល់កន្ត្រាក់បក់បោកផងដែរ ដែលនាំឲ្យទឹកសមុទ្រឡើងកម្ពស់ខ្ពស់ ចាប់ពីរ១ម៉ែត្រ ទៅ ១.៥ ម៉ែត្រ ឬអាចឡើយរហូតដែលមិនអាចប៉ាន់ស្មានបាន ដូច្នេះសូមបងប្អូនរស់នៅតាមតំបន់កោះ ព្រែក ត្រូវមានការប្រុងប្រយ័ត្នខ្ពស់៕