More

    សម្តេចតេជោ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ទទួលជួបសំណេះសំណាល និងពិសារ អាហារសាមគ្គីលក្ខណគ្រួសារ ជាមួយគូស្វាមី-ភរិយា ដែលរៀបអាពាហ៍ពិពាហ៍រួមថ្ងៃតែមួយ ជាមួយសម្តេចក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

    spot_img

    នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែជេស្ឋ​ ឆ្នាំរោង ឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានរៀបចំពិធីសំណេះសំណាល​ និងពិសារអាហារសាមគ្គី ជាលក្ខណ:គ្រួសារ ជាមួយ លោក លោកស្រី ជាគូស្វាមី-ភរិយា ដែលបានរៀបអាពាហ៍ពិពាហ៍រួមគ្នាក្នុងពេលតែមួយ ជាមួយ សម្តេច​ ដែលមានវត្តមានចូលរួមពីគូស្វាមី-ភរិយា ដែលនៅមានជីវិតទាំងគូចំនួន ៣គ្រួសារ អ្នកជាស្ត្រី មេម៉ាយ ចំនួន៤គ្រួសារ និងអ្នក ពោះម៉ាយ ចំនួន១គ្រួសារ់ដែលពិធីនេះបានប្រព្រឹត្តិទៅនៅភូមិគ្រឹះ ក្រុងតាខ្មៅ ខេត្តកណ្តាល​។

    សូមបញ្ជាក់ថាគូស្វាមី-ភរិយា ដែលបានរៀបអាពាហ៍ពិពាហ៍ដំណាលគ្នាជាមួយ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងរបបខ្មែក្រហម នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ មានចំនួន ១៣គូរាប់ទាំងសម្តេចតេជោ​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ក្នុងនោះគូទី១គឺ ស.ម អ៊ាន សុផល​ និងស.ម នារី ឆាង ញ៉ គូទី២គឺ​ស.ម ចាន់ សេង និង ស.ម នារី ម៉ម ខំ​ គូនេះ(ស្វាមីស្លាប់)​ គូទី ៣គឺ ស.ម ស៊ីន ហុង និងស.ម នារី អ៊ុន ស៊ឺម គូទី៤គឺ ស.ម រ៉ាយ បឿន និងស.ម នារី យឿន គូនេះ(ស្វាមីស្លាប់) គូទី៥គឺ ស.ម​ វ៉ា សំ អឿន និងស.ម​ នារី ញឹម ណាន គូនេះ(ស្វាមីស្លាប់)​ គូទី៦ ស.ម​ ញៀត ផល្លា និង ស.ម នារី រស់ រ៉ន គូនេះ(ស្វាមីស្លាប់) គូទី៧គឺ​ ស.ម ស៊ីន​ និងស.ម​ នារី វ៉ាន្នី គូនេះ(ស្វាមីស្លាប់) គូទី៨ គឺ ស.ម យ៉ាំ សែម និងស.ម​ នារី ប៊ុន ថុល គូទី៩គឺស.ម ច្រឹក សុវណ្ណ និងស.ម​ នារី ណាត គូនេះ(ស្លាប់ទាំងស្វាមីនិងភរិយា) គូទី១០ គឺ ស.ម សួន គា និងស.ម នារី ម៉ី សេក គូនេះបែកគ្នា ហើយ(ស្វាមីស្លាប់) គូទី១១ គឺ ស.ម ឈួន សា គំ និងស.ម​ នារី​ សែត គូនេះ( ភរិយា ស្លាប់) គូទី១២ គឺ ស.ម ហែម និង ស.មនារី វណ្ណា គូនេះ(ស្លាប់ទាំងស្វាមីនិងភរិយា) និងគូទី១៣ សម ហ៊ុន បូ ណាល់ និងស.ម នារី ភី បច្ចុប្បន្ន គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុ​ន​ រ៉ានី ហ៊ុន​ សែន។

    គួររម្លឹកថាគិតមកដល់ឆ្នាំ ២០២៤នេះ ចំណងអាពាហ៍ ពិពាហ៍ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺមានរយ:ពេល៤៨ឆ្នាំហើយ។ អាពាហ៍ពិពាហ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន ដែលរៀបចំឡើង ដោយខ្មែរក្រហម នៅថ្ងៃទី៥ ខែមករា​ ឆ្នាំ១៩៧៦​ ជាមួយ គូស្រករ ១២គូ ផ្សេងទៀត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ ជាអាពាហ៍ពិពាហ៍ ដ៏សែនសោះកក្រោះគ្មានឡើយ សម្លៀកបំពាក់ ប្រពៃណី, គ្មានឡើយ ភ្លេងបាយខុនចងដៃ, គ្មានឡើយ ភ្លេងព្រះថោង តោងស្បៃ,គ្មានការ អញ្ជើញចូលរួម ពីសាច់ញាតិ ហើយក៏គ្មានការអញ្ជើញចូលរួម អបអរសាទរពីមិត្តភក្តិនោះដែរ ពោលឈុត អាពាហ៍ ពិពាហ៍ មានតែអាវខ្មៅ និងមានតែ អង្គការប៉ុណ្ណោះ ធ្វើជាសក្សី នៃអាពាហ៍ពិពាហ៍នេះ។ ក្រោយ អាពាហ៍ពិពាហ៍គ្មានឡើយ រាត្រីទឹកឃ្មុំ ឬ ក៏ដំណើរកម្សាន្ត ទៅកាន់តំបន់កម្សាន្តនានា ដូចពេលបច្ចុប្បន្ន។ ក្រោយការរៀបការ គ្មានការជួបជុំពិសារភោជនាហារនោះឡើយ រយៈពេលប្រមាណ២៨ម៉ោង ក្រោយរៀបការទើបគូស្នេហ៍មួយគូនេះបានអាហារពេលល្ងាចជាអាហារដែលរៀបចំឡើងដោយប្រជាពលរដ្ឋ។​ រាត្រីទឹកឃ្មុំរបស់សម្តេចតេជោ​ ហ៊ុន​ សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើឡើងនៅលើផ្ទះ ប្រជាពលរដ្ឋមួយ ក្នុងស្រុកពញាក្រែកខេត្តត្បូងឃ្មុំ ក្នុងអំឡុងពេលត្រឡប់ពីកន្លែងអាពាហ៍ពិពាហ៍ទៅកាន់មូលដ្ឋានរបស់សម្តេចវិញ។ចំណងអាពាហ៍ពិពាហ៍របស់ សម្តេចទាំងទ្វេ បានបន្សល់ទុកនូវការឈឺចាប់ ជាងអ្វីៗបំផុតនោះ គឺការ បាត់បង់កូនប្រុសដំបូង ព្រោះតែការធ្វេសប្រហែស របស់ឆ្មបខ្មែរក្រហម និងត្រូវព្រាត់ភរិយា ទាំងកូនក្នុងផ្ទៃ ដើម្បីចេញតស៊ូរំដោះជាតិ ,ការរស់នៅលាក់ប្រវត្តិគ្រប់ទីកន្លែង ទាំងកូនក្នុងផ្ទៃ និងការវិលជួបវិញ កូនមិនស្គាល់ឪពុកសុទ្ធតែជាប្រវត្តិ ឈឺចាប់បំផុត និងមិនអាចបំភ្លេចបាន នៅក្នុងជីវិតសម្តេច តេជោ ហ៊ុន​ សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបប្រៀបបីដូចក្រោមស្បៃអន្ធការ។ ពិតណាស់ថា ជីវិតស្វាមី-ភរិយារបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ គឺលំបាកខ្លាំងណាស់ ដោយសារតែជីវិតគូនេះ បានចាប់កំណើតឡើងក្នុងគ្រាប្រទេសជាតិ មានកលិយុគ​ និងវិបត្តិនៃភ្លើងសង្គ្រាម។ តែជីវិតស្វាមី-ភរិយារបស់សម្តេច និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្សារភ្ជាប់ជានិច្ច ជាមួយព្រឹត្តិការណ៍របស់ជាតិ ក្នុងដំណាក់កាលដ៏សែនលំបាកបង្កឡើងដោយសង្គ្រាម​ និងនាំប្រទេសមករកសុខសន្តិភាពនិងការអភិវឌ្ឍដូចពេលបច្ចុប្បន្ន។​

    ក្នុងជំនួបសំណេះសំណាល និងពិសារអាហាសាមគ្គី ជាលក្ខណ:គ្រួសារនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន បានសម្តែងនូវសេចក្តីរីករាយដែលមានឱកាសបានជួប ក្រុមគ្រួសារ ស្វាមី-ភរិយា រួមថ្ងៃអាពាហ៍ពិពាហ៍ ទាំងអស់ ព្រមទាំងបានរំឭកពីប្រវត្តិ ជូរចត់ នៃអាពាហ៍ពិពាហ៍ និងការរស់នៅដោយភាពភ័យខ្លាច រកអ្វីប្រៀបផ្ទឹមពុំបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ៣ឆ្នាំ៨ខែនិង២០ថ្ងៃ ។ក្នុងឱកាស ដ៏វិសេសវិសាលនេះដែរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថមដល់ គូស្វាមី-ភរិយា ចំនួន៨គ្រួសារដែល បានអញ្ជើញមកចូលរួមក្នុងពិធីនេះ ក្នុង១គ្រួសារៗទទួលបានថវិកា ចំនួន២០លានរៀល ។ ជាមួយគ្នានេះផងដែរ​ សម្តេចតេជោ បានប្រកាសថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ តទៅសម្តេច នឹងឧបត្ថមជាប្រចាំខែ ដល់គ្រួសារនីមួយៗ ខាងលើនេះ ក្នុង១ខែថវិកា ១លានរៀល សម្រាប់ ជួយសម្រាលបន្ទុកគ្រួសារ។​ ដោយឡែក សម្រាប់​ កូន និងចៅ គ្រួសារ ទាំង១២គូ ដែលបានរៀប អាពាហ៍ ពិពាហ៍ក្នុងថ្ងៃតែមួយជាមួយសម្តេចក្នុងរបបខ្មែរក្រហមនេះសម្តេចសន្យានិងជួយពួកគេឲ្យទទួលបានការសិក្សាដ៏សមរម្យមួយ ពោលគឺ អ្នកដែលប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្តេច នឹងផ្តល់ អាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រ។ដោយឡែក សម្រាប់អ្នកប្រឡងធ្លាក់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្តេចនិងផ្តល់អាហារូបករណ៍ឱ្យសិក្សាថ្នាក់បរិញ្ញាបត្ររងតាមជំនាញផ្សេងៗ។​ ពិធីដ៏កម្រនេះបានបញ្ចប់ក្រោមបរិយាកាសរីករាយរាក់ទាក់និងស្និតស្នាលជាលក្ខណ:គ្រួសារយ៉ាងកក់ក្តៅជាទីបំផុត៕

    spot_img

    អត្ថបទទាក់ទង

    spot_img