(បាត់ដំបង) ពលរដ្ឋបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តនិងអ្នកថ្មើជើងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង 0៦និង៤០ នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុច ក្រុមទី១០ ស្ថិតក្នុងភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ប្រភពដដែលបានបញ្ជាក់ថា រថយន្តម៉ាកហ៊ីណូ ប្រភេទក្បាលសណ្ដោង ពាក់ផ្លាកលេខ បាត់ដំបង 3A.4008 សឺមីរឺម៉កពាក់ផ្លាកលេខ ភ្នំពេញ 4A.4824 បើកបរដោយបុរសម្នាក់ ទិសដៅពីត្បូងទៅជើង (ភ្នំពេញ ទៅ បាត់ដំបង) លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកអ្នកថ្មើជើងម្នាក់ឈ្មោះ ឃី សុខឿន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្តាលអោយស្លាប់បែកសាច់ពេញផ្លូវ ខណៈដែលជនរងគ្រោះកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យវាស់វែងធ្វើគំនូសហេតុរួច ក៏បានប្រគល់សពអោយខាងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី៕