ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និង ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីបើកការដា្ឋនសាងសង់ស្ពានអាកាសភ្លោះត្រង់ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្ដាល។
“ស្ពានអាកាសភ្លោះដែលបើកការដ្ឋានសាងសង់នាពេលនេះ សាងសង់ឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពចរាចរណ៍ ដែលនឹងមានសភាពកាន់តែមមាញឹកនៅពេលព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ ស្ថិតក្នុងខេត្តកណ្តាល ត្រូវដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥។ មហាវិថី សម្តេចតេជោ ហ៊ុន សែន ត្រូវបានសង់តភ្ជាប់ទៅដល់ព្រលានយន្តហោះថ្មីនេះ។ ច្បាស់ណាស់នៅពេលព្រលានយន្តហោះដាក់ឱ្យដំណើរការចរាចរណ៍កាន់តែមមាញឹក ហើយនៅចំណុចឆ្លងកាត់ផ្លូវជាតិលេខ២ អាចប្រឈមការកកស្ទះប្រសិនបើមិនមានស្ពានអាកាសភ្លោះ សម្រាប់ឆ្លងកាត់លើផ្លូវជាតិលេខ២ទេនោះ”។
«ស្ពានអាកាសភ្លោះនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយគ្រោងប្រើរយៈពេលសាងសង់ចំនួន ១២ខែ និងត្រូវចំណាយថវិកាចំនួន ១៦,២០០,៥០០ដុល្លារ ជាកញ្ចប់ថវិកាបានមកពីការបង្វែរកញ្ចប់ថវិកាពីគម្រោងសាងសង់ ស្ពានអាកាស គង់ សំអុល និងមូលនិធិអភិវឌ្ឍកោះនរា»។
គម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ នឹងត្រូវសាងសង់ស្ពានអាកាសភ្លោះជាផ្លូវឯកទិស ដោយស្ពានទី១, មានទិសដៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវ ជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ និងស្ពានទី២,មានទិសដៅពី អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះតាមបណ្ដោយមហាវិថី សម្តេចតេជោ ហ៊ុន សែន វិញ៕