(ព្រះសីហនុ)៖ សិស្សានុសិស្សត្រូវខិតខំរៀនសូត្រស្របពេលដែលយើងមានសាលារៀនល្អស្អាតមានអនាម័យ
ខ្យល់បរិសុទ្ធ លោកគ្រូ អ្នកគ្រូមានក្រមសីលធម៌វិជ្ជាជីវៈ “សាលាល្អ បន្ទប់រៀនស្អាត យើងចង់រៀន” ដូច្នេះត្រូវខំរៀនដើម្បីអនាគតទៅមុខរួមគ្នា។
នេះជាការលើកឡើងរបស់ លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ក្នុងពិធីខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ ដោយមានការចូលរួមពី អភិបាលរងស្រុក ព្រះសង្ឃ សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងនាយកសាលា លោកគ្រូ-អ្នកគ្រូ ព្រមទាងសិស្សានុសិស្សជាង១២០០នាក់ នៅបរិវេណសាលាបឋមសិក្សា តេជោ ហ៊ុន សែន បឹងតាព្រហ្ម ស្ថិតក្នុងភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
អ្នកស្រីនាយកសាលា អានរបាយការណ៍សង្ខេបស្តីពីវិស័យអប់រំទូតាំងស្រុកព្រៃនប់ឲ្យដឹងថា គ្រឹះស្ថានសិក្សារដ្ឋមានចំនួន៥២សាលា និងសាលាខ្មែរឥស្លាមចំនួន១, អគារចំនួន១៥៧អគារ, ស្មើនិង៩៥៨បន្ទប់, ក្នុងនោះអគាររបស់សម្តេចតេជោ៦៨ខ្នង, ស្មើនិង៥៩៦បន្ទប់, ដែលមានទីចាត់ការ១០ខ្នង ស្មើនិង៣០បន្ទប់, ផ្ទះគូ២ខ្នង ស្មើនិង៤០បន្ទប់, ផ្ទះសិស្ស២ខ្នង ស្មើនិង៤០បន្ទប់, មានបុគ្គលិកសរុបរួម៩១២នាក់ ស្រី៤២៨នាក់ (បុគ្គលិកទំនេរគ្មានបៀវត្សចំនួន១នាក់ ស្រី១នាក់, បុគ្គលិកក្រៅក្របខណ្ឌដើមចំនួន១នាក់ ស្រី ០០នាក់, បុគ្គលិកមានជំងឺរាំរ៉ៃចំនួន២នាក់ ស្រី១នាក់) សិស្សសរុបរួម២២.៥៦៨នាក់ ស្រី១១.២៤៥នាក់, ថ្នាក់រៀនសរុប៦០០។
លោក អ៉ី ធារិន បានលើកឡើងថា ទិវាខាងលើនេះប្រារព្ធធ្វើឡើង ក្នុងគោលបំណងរំលឹកឡើងវិញ ពីប្រវត្តិដ៏ជូរចត់របស់កុមារ ពិភពលោក និងកុមារកម្ពុជាតិ នាពេលកន្លងមកដើម្បីជាការចង់ចាំ និងជាមេរៀនសម្រាប់ កុមារជំនាន់នេះ និងកុមារក្រោយៗទៀត។
ថ្លែងបន្តទៅកាន់អង្គពិធី លោកអភិបាលស្រុកព្រៃនប់ បច្ចុប្បន្ននេះកុមារៗ ពិតជាមានសំណាងណាស់ បើប្រៀបធៀបទៅ ជំនាន់មុនៗ ដោយក្មួយៗបានរស់នៅក្នុងសុខសន្តិភាព រស់នៅក្នុងភាពសប្បាយរីករាយ មានសិទ្ធសេរី ភាពគ្រប់បែបយ៉ាង មានការថែទាំពីឪពុកម្តាយ មានការថែទាំពីសង្គម មានការថែទាំងពី រាជរដ្ឋាភិបាល និងមានឱកាសទទួលបាននូវការសិក្សារៀនសូត្រ និងជំនាញបច្ចេកទេស យ៉ាងទូលំទូលាយ ពោលរស់នៅក្នុងក្តីសង្ឃឹមយ៉ាងម៉ុតម៉ាំ។
លោក អ៉ី ធារិន បានបន្តទៀតថា ទិវាដែរប្រារព្ធធ្វើឡើងនៅថ្ងៃនេះ គឺក្នុងគោលបំណងរំលឹកដល់អតីតកាលរបស់ពិភពលោក ក៏ដូចជារបស់ប្រទេសកម្ពុជា នៅក្នុងដំណាក់កាលដ៏ខ្មៅក្រខ្វល់។ ម្យ៉ាងទៀត ក៏ជាការចែករំលែកមេរៀនជីវិតសម្រាប់ក្មួយៗ និងលោកគ្រូ អ្នកគ្រូ ដើម្បី ត្រិះរិះពិចារណាលើកខ្លឹមសារពិត នៃ សន្តិភាព និងសិទ្ធិសេរីភាព ដែរ កំពុងមានសព្វថ្ងៃនេះ ព្រោះថាសន្តិភាព សិទ្ធិសេរីភាព វាមិនមែនកើតឡើងដោយឯកឯងឡើយ ព្រោះត្រូវការលះបង់ ការពលីជីវិត ការបូជាសាច់ស្រស់ឈាមស្រស់របស់ប្រជាជន និងយុទ្ធជន ដូចនេះ ត្រូវនាំគ្នាថែរក្សាសន្តិភាពឲ្យបានគង់វង្សជារៀងរហូត៕