កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរទេសរណ៍ខេត្តរតនគិរី ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ក្រោម
អធិបតីភាព ឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី កញ្ញា ភឿន ធីដា អ្នកសម្របសម្រួលរបស់អង្គការស្វីស ខន់ថាក់ ប្រចាំខេត្តរតនគិរី លោក-លោកស្រី ជាប្រតិបត្តិករទេសចរណ៍ ជាច្រើននាក់ទៀត។
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានលើកឡើងថា ដំណាក់កាលទី២ ឆ្នាំ២០២១-២០២៤ រយៈ
ពេល៤ឆ្នាំកន្លងមកនេះ មន្ទីរទេសចរណ៍ខេត្តរតនគិរី បានបណ្តុះបណ្តាលលើជំនាញសំខាន់ៗ រួមមាន៖ ជំនាញការិយាល័យជួរមុខជំនាញគេហកិច្ច ជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ជំនាញចុងភៅ ជំនាញឆុងកាហ្វេ និងជំនាញមគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ ។ក្នុងនោះលទ្ធផលការងារសម្រេចបាន២០២១ មន្ទីរទេសចរណ៍ខេត្តរតនគិរី បានបើកវគ្គបណ្តុះបណ្តាលសរុប១០វគ្គ និងមានសិក្ខាកាម សរុបចំនួន ១៣៩រូប (ស្រី៨០រូប) ឆ្នាំ២០២២ បានចំនួន ១៦វគ្គមានសិក្ខាកាម សរុបចំនួន ២៥៥រូប(ស្រី១៥៩រូប) ឆ្នាំ២០២៣ចំនួន០៩វគ្គ មានសិក្ខាកាម សរុបចំនួន ១៣៣រូប(ស្រី៨៥រូប) ឆ្នាំ២០២៤ ចំនួន០៣វគ្គ មានសិក្ខាកាម សរុបចំនួន ៣៦រូប (ស្រី២៧រូប) ។ លោកបន្តថា តាមរយៈការគាំទ្ររបស់គម្រោងហូកានៃកម្មវិធីអភិវឌ្ឍន៍ជំនាញSDPនៃអង្គការស្វីសខន់ថាក់ រយៈពេល ០៤ឆ្នាំ ចាប់ពីឆ្នាំ២០២១-២០២៤ មន្ទីរបានបណ្តុះបណ្តាលសរុបចំនួន៣៨វគ្គ និងមានសិក្ខាកាមសរុប ៥៦៣ រូប (ស្រី ៣៤៩) មានជនជាតិដើមភាគតិចចំនួន ១៧៤នាក់។
ថ្លែងបើកកិច្ចប្រជុំនា ឱកាសនេះ ឯកឧត្តម លន់ សុភាព បានលើកឡើងថា តាមរយៈការគាំទ្ររបស់ក្រសួងទេសចរណ៍ និងអង្គការស្វីសខន់ថាក់ លើការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍ក្នុងខេត្តរតនគិរី ដំណាក់កាលទី២ ឆ្នាំ២០២១-២០២៤ ពិតជាមានសារៈសំខាន់ ព្រោះ ខេត្តរតនគិរី ជាប៉ូលទី៤នៅប៉ែកភូមិភាគឦសាន្តនៃប្រទេសកម្ពុជា ដែលសំបូរទៅដោយធនធានធម្មជាតិនិង អេកូទេសចរណ៍ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ជាពិសេសបានពង្រឹងសមត្ថភាពដល់ យុវជន និងបុគ្គលិក និងម្ចាស់អាជីវកម្មនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ មានជំនាញវិជ្ជាជីវៈទេសចរណ៍ច្បាស់លាស់ ឆ្លើយតបទៅនឹងការងារនាពេលបច្ចុប្បន្ន និងស្របតាមស្តង់ដាររបស់ក្រសួងទេសចរណ៍ ជាពិសេសធ្វើអោយបុគ្គលិក ដែលបម្រើការងារផ្នែកសេវាកម្មទេសចរណ៍ទទួលបានការងារ សមរម្យ ប្រាក់ចំណូលកើនឡើង និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋានជាមួយរដ្ឋបាលខេត្ត ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងនាម រដ្ឋបាលខេត្តរតនគិរី ឯកឧត្តម លន់ សុភាព បានកោតសរសើរខ្ពស់ ចំពោះក្រសួងទេសចរណ៍ និង អង្គការស្វីសខន់ថាក់ ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់និងគាំទ្រ ទាំងសម្ភារៈបច្ចេកទេស និង ថវិកាសម្រាប់វិស័យទេសចរណ៍ខេត្តរតនគិរីកន្លងមក។ថ្វីត្បិត គម្រោងហូកានៃកម្មវិធីអភិវឌ្ឍន៍ជំនាញនៃ អង្គការស្វីស ខន់ថាក់ បានបញ្ចប់គម្រោងដំណាក់កាលទី២ ឆ្នាំ២០២១-២០២៤ របស់ខ្លួន ក៏ពិតមែន ក្នុងនាម រដ្ឋបាលខេត្តរតនគិរី សំណូមពរដល់ក្រសួងទេសចរណ៍ និងអង្គការស្វីស ខន់ថាក់ មេត្តាជួយគាំទ្រគម្រោង បន្តទៀតសម្រាប់ខេត្តរតនគិរី ដើម្បីចូលរួមពង្រឹងគុណភាពវិស័យទេសចរណ៍ខេត្តរតនគិរី និងចូលរួមកាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕