នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ម៉ា វិចិត្រ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យស្ថានភាពការគំរាមកំហែងពីការខ្វះទឹកប្រើប្រាស់ នៅតាមមូលដ្ឋាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី កងអាវុធហត្ថខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរធនធានទឹកខេត្ត មន្ទីរអប់រំយុវជននិងកីឡាខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្តមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត តំណាងអង្គការភ្លែនអន្តរជាតិប្រចាំខេត្តរតនគិរី មន្ត្រីនៃលេខាធិការដ្ឋានខេត្ត អភិបាល អភិបាលរងស្រុក ការិយាល័យជំនាញថ្នាក់ស្រុក មេឃុំ មន្ត្រីឃុំត្រពាំងក្រហម ឃុំតាអង និងឃុំតឺន នៅសាលាឃុំត្រពាំងក្រហម ស្រុកកូនមុំ និងចុះពិនិត្យស្ថានភាពការគំរាមកំហែងពីការខ្វះទឹកប្រើប្រាស់ នៅទីតាំងជាក់ស្ដែង ចំណុចស្រះទឹកសហគមន៍ដែលកំពុងរីងហួត ចំនួន ០២ទីតាំង។
កិច្ចប្រជុំ និងសកម្មភាពចុះពិនិត្យនេះ មានគោលបំណងដើម្បីពិនិត្យស្ថានភាពជាក់ស្ដែងដែលប្រជាពលរដ្ឋនៅមូលដ្ឋានកំពុងជួបប្រទះ និងផ្ដល់អនុសាសន៍មួយចំនួនដល់អាជ្ញាធរស្រុក ឃុំ និងភូមិ យកចិត្តទុកដាក់ខ្ពស់ដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ចៀសវាងបណ្ដោយឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះធ្ងន់ធ្ងរពីការខ្វះទឹកប្រើប្រាស់នៅក្នុងមូលដ្ឋាន។ ថ្ងៃដដែលនេះផងដែរ ឯកឧត្តម បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ជាពិសេសជំនាញអភិវឌ្ឍន៍ជនបទ ចុះជួសជុលបន្ទាន់អណ្ដូងស្នប់ សរុបចំនួន ០៣អណ្ដូង (ដោយជោគជ័យ) ស្ថិតនៅភូមិសាមុត្រលើ ឃុំសេដា ស្រុកលំផាត់ ដើម្បីជួយសម្រាលទុក្ខលំបាកនិងសេចក្ដីត្រូវការទឹកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងភូមិ សរុបចំនួន ២៩០គ្រួសារ៕