(ប៉ៃលិន)៖ អប់អរសាទរខេត្តប៉ៃលិនដែលជាខេត្តជាប់ព្រំដែនថៃទទួលបានរង្វាន់ជាខេត្តដែលគ្មានគ្រូថ្នាក់ចរាចរណ៍អំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ កាលពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងចំណោមខេត្តចំនួនទាំង៦ទូទាំងប្រទេសកម្ពុជា។
ខេត្តទាំងនោះរួមមាន៖ ព្រៃវែង កោះកុង កំពង់ឆ្នាំ ត្បូងឃ្មុំ មណ្ឌលគិរីនិងខេត្តប៉ៃលិន។ ដោយមើលឃើញបែបនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជាបានផ្ដល់រង្វាន់ ដូចតាមការប្រកាសកន្លង ទៅរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការប្រគល់រង្វាន់ ជូនរាជធានី-ខេត្តណាដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ខ្មែរ ក្នុងគោលបំណងសំខាន់នោះ គឺមិនចង់ឃើញមាន គ្រោះថ្នាក់ចរាចរណ៍ និងជំរុញការប្រុងប្រយ័ត្ន ព្រមទាំងគោរពច្បាប់ចរាចរណ៍។
ជាពិសេស ការចូលរួមចំណែកពីបងប្អូន អ៊ំពូមីង តាយាយ ដែលជាអ្នកបើកបរគ្រប់ប្រភេទ ដើម្បីឱ្យគ្រប់ការធ្វើដំណើរ ប្រកបដោយសុខសុវត្ថិភាព អាចទទួលបានការជួបជុំក្រុមគ្រួសារ គ្រប់ទីកន្លែងនៅទូទាំងប្រទេស។ ជាលទ្ធផល មានខេត្តចំនួន ៦ ទទួលបានអត្រាគ្រោះថ្នាក់ចរាចរណ៍សូន្យ ហេីយសម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏ផ្តល់រង្វាន់តាមការសន្យាដូចខាងក្រោម៖
១/ ផ្តល់លិខិតសរសេីរមួយ ដែលនឹងមកទទួលផ្ទាល់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី
២/ ថវិកាចំនួន ២០០លានរៀល
៣/ ភេសជ្ជៈ ចំនួន ១ពាន់កេស៕