ប៉ៃលិន៖ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នា២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបាន ស្រីមុំ អភិបាលខេត្ត បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកា ទៅឧបត្ថម្ភដល់កងកម្លាំងទាំង ៣ប្រភេទ ដែលបានចូលរួមរៀបចំសណ្តាប់ធ្នាប់ និងការពារសន្តិសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃពណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ នាពេលកន្លងទៅ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍នាំមកនូវបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្តេច តែងតែបានគិតគូពីសុខទុក្ខ និងជីវភាពរស់នៅដល់កងកម្លាំងប្រដាប់អាវុធ គ្រប់ពេលវេលា ដូច្នេះដើម្បីឆ្លើយតបទៅនឹងសណ្តានចិត្ត និងបទបញ្ជា ក្នុងការការពារនូវសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម គឺនាយទាហាន និងពលទាហាន និងកងម្លាំងទាំងអស់ ត្រូវពង្រឹងគោលជំហរឱ្យបានរឹងមាំ ដោយគោរពវិន័យ និងបទបញ្ជារបស់ថ្នាក់លើឱ្យបានយ៉ាងភ្ជាប់ភ្ជួន ជាពិសេសត្រូវពង្រឹងសាមគ្គីភាព ឯកភាពគ្នាឱ្យបានល្អ ហើយទន្ទឹមនឹងនេះកងកម្លាំងការពារព្រំដែនត្រូវមានកិច្ចសហប្រតិបត្តិការជាមួយភាគីថៃ ឱ្យបានល្អថែមទៀត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមព្រំដែន ធ្វើយ៉ាងណាឱ្យព្រំដែនមួយមានសន្តិភាព និងមានការអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យ។
ក្នុងឧកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត បានឧបត្ថម្ភជូនដល់អង្គភាពកងកម្លាំងទាំង៣ប្រភេទ រួមមាន៖ ភេសជ្ជៈ ១១៦កេស ទឹកបរិសុទ្ធ ៥០កេស និង ថវិកាសរុបចំនួន ៤៤.៦០០.០០០រៀល ក្នុងនោះ ស្នងការដ្ឋាននគរបាលខេត្ត ចំនួន ២៥.០០០.០០០រៀល, តំបន់ប្រតិបត្តិការសឹករងខេត្ត ចំនួន ១០.០០០.០០០រៀល, កងរាជអាវុធហត្ថខេត្ត ចំនួន ៦.០០០.០០០រៀល និង កងកិត្តិយសនគរបាល ចំនួន ៣.៦០០.០០០រៀល ៕