(ព្រះសីហនុ)៖នាពេលថ្មីៗនេះរដ្ឋបាលខេត្តព្រះសីហនុ បានបង្កើតក្រុមការងារចម្រុះដឹកនាំដោយលោក ចេន រ៉េត នាយក រង រដ្ឋបាលខេត្ត ដើម្បីអនុវត្តសេចក្តីជួនដំណឹង ចុះថ្ងៃតី០៤ ខែ មិនា ឆ្នាំ២០២៤ស្តីពីការ ចុះស្រង់ស្ថិតិ អ្នករស់នៅ លើដីជាក់ស្ដែង និងស្រង់ស្ថិតិតាមការចង្អុលបង្ហាញពំ្រដីដោយភាគីពាក់ព័ន្ធដែលអះអាងថាជាម្ចាស់ដីស្ថិតនៅតំបន់អូរដំរីក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលបានចាប់ផ្តើមពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ។
បន្ទាប់ពីធ្វើការដកស្រង់អស់រយៈពេលជាច្រើនថ្ងៃឃើញថា ក្នុងកិច្ចការងារមួយនេះមិនទទួលបានការឯកភាព និងស្រុះស្រួលមួយរយភាគរយនោះ ពោលគឺកាលពីថ្ងៃទី៤ ខែមេសាកន្លងទៅនេះមានប្រជាពលរដ្ឋជាច្រើនគ្រួសារបានប្រមូលផ្តុំគ្នាលើកឡើងនូវបញ្ហាមួយចំនួន ក្នុងនោះអ៊ំប្រុសម្នាក់បានលើកឡើងថា អំឡុងពេលក្រុមការងារចុះវាស់វែង ស្រាប់តែមានបុកគ្គលម្នាក់មកអះអាងថា ជាដីរបស់ឧកញ៉ានេះ របស់អ្នកធំនេះ អ្នកធំនោះដោយមានបញ្ហាមិនចេះចប់ធ្វើឲ្យពួកគាត់មានាការសង្ស័យថា មានអ្នកមានអំណាចនៅពីក្រោយខ្នងក្នុងរឿងនេះ ហើយរហូតធ្វើអោយគណៈកម្មការចុះស្រង់ស្ថិតិមិនបានធ្វើបញ្ចប់ទៅដោយរលូននោះទេ។
ជាមួយគ្នានេះភាគីម្ខាងទៀត គេហៅថារ៉ាំបូ ដែលអះអាងថា ជាដីរបស់អ្នកនេះអ្នកនោះ បានលើកឡើងថា ម្តងជាដីរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ម្តងជាដីរបស់លោក គួន គីម ហើយម្តងទៀតជាដីគ្រប់គ្រងរដ្ឋ ហើយការពិតទៅគឺមិនមានលិខិតទិញលក់ ឬក៏ផ្ទេរកម្មសិទ្ធដែលដឹងឮពីអាជ្ញាធរមូលដ្ឋាន និងពាក់ព័ន្ធណាមួយឡើយ។
អ៊ំប្រុសមានគូសបញ្ជាក់ថា ក្រុមគ្រួសារយោធាប្រមាណជាង ៦០គ្រួសារ រហូតមកដល់ពេលនេះនៅមិនទាន់ទទួលបានការវាស់វែងដីធ្លីពីសំណាក់ក្រុមមន្រ្តីជំនាញនៅឡើយទេ បើទោះជាក្រុមគ្រួសារយោធាមានឯកសារផ្លូវច្បាប់ទទួលស្គាល់ដោយអាជ្ញាធរមួលដ្ឋានភូមិសង្កាត់ រហូតដល់រដ្ឋបាលក្រុងព្រះសីហនុដែលជាបញ្ជាក់ថាជាប្រជាពលរដ្ឋរស់នៅកាន់ជាក់ស្តែងក្នុងតំបន់អូរដំរី ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុក៏ដោយ។
បន្ទាប់ពីមានបញ្ហាបែបនេះ ប្រជាពលរដ្ឋសូមស្នើដល់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជួយដោះស្រាយ និងឈឺឆ្អាលនូវបញ្ហានេះ ព្រោះបុកគ្គលរ៉ាំបូនេះបានយកឈ្មោះថ្នាក់ដឹកនាំ និងបុកគ្គលមានអំណាចមកពាក់ព័ន្ធច្រើនណាស់ ដូច្នេះសូមមេត្តាអភិបាលខេត្តជួយអន្តរាគមន៍ជាពិសេស ដើម្បីបានឲ្យក្រុមការងារចម្រុះ ក្រុមការងារវាស់វែងចុះស្រង់ និងទទួលយកការពិតថា ពិតជាដីរបស់ពលរដ្ឋកាន់កាប់រស់នៅអាស្រ័យផលជាក់ស្តែងពិតមែន។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានឆ្លើយតប និងបកស្រាយទាក់ទងទៅនឹងបញ្ហាខាងលើនេះថា បើយោងតាមលិខិតបង្គាប់ការរបស់រដ្ឋបាលខេត្តព្រះសីហនុ លេខ០០៤/២៤ចុះថ្ងៃទី៧ ខែ មីនា ឆ្នាំ២០២៤ដែលបានសម្រេចកាលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានចាត់ឲ្យមន្ត្រីរាជការសាលាខេត្ត និងមន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវបានចាត់តាំងជាក្រុមការងារឱ្យចុះស្រង់ស្ថិតិអ្នករស់នៅលើដីជាក់ស្តែង និងស្រង់ស្ថិតិតាមការចង្អុលបង្ហាញព្រំដីដោយភាគីពាក់ព័ន្ធដែលអះអាងថាជាម្ចាស់ដី ស្ថិតនៅតំបន់អូរដំរី ក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងនោះភារកិច្ចចម្បងរបស់ក្រុមការងារគឺចុះស្រង់ទិន្ន័យទាំងអ្នករស់នៅជាក់ស្តែង អ្នកកាន់ជាក់ស្តែង និងមិន
រស់នៅកាន់កាប់ជាក់ស្តែង។
លោកបានគូសបញ្ជាក់ថា ការចុះទៅនេះគឺមិនមែនដើម្បីដកស្រង់យកមកធ្វើកាវាស់វែងនោះទេដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធ
នោះទេដោយឡែកមន្ត្រីត្រូវតែធ្វើការវាស់វែងជូនពេលដែលពលរដ្ឋបានអាសអាងចង្អុលបង្ហាញថាជាកម្មសិទ្ធរបស់ខ្លួនពោលគឺយកមកដើម្បីកត់ត្រាថាតើពលរដ្ឋមានឯកសារពាក់ព័ន្ធអ្វីខ្លះចំពោះមុខគឺប្រមូលទាំងអស់ដើម្បីរៀបចំជូនអភិបាលខេត្តលោកពិនិត្យជាមួយក្រុមការងារ លោកបន្តថា ទោះបើក្នុងប្លង់ដីតែមួយតែមានម្ចាស់ដល់ទៅពីរ ឬបីនាក់
ក៏ដោយ ក្រុមការងារធ្វើការវាស់វែងជូនដែរធ្វើដូចនេះគឺដើម្បីឲ្យងាយដឹងច្បាស់ថានណាជាម្ចាស់ពិតប្រាកដ។
ស្របពេលជាមួយគ្នារដ្ឋបាលខេត្តព្រះសីហនុ ស្នើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅតំបន់អូនដំរីបើកចិត្តអោយ
ទូលាយ ចូលរួមផ្តល់ឯកសារនានាដែលពាក់ព័ន្ធ បើក្នុងករណីថា ប្លង់ដីតែមួយមានម្ចាស់ពីរនាក់ពេលម្នាក់បានដាក់
ឯកសាររួចរាល់ សូមអោយម្ខាងទៀតដែលមានការពាក់ព័ន្ធនឹងប្លង់ដីនេះដែរ សូមអញ្ជើញមកដាក់បន្តទោះបីជាដី
មួយកន្លែងមានម្ចាស់ពីរក៏ដោយដើម្បីក្រុមការងាររៀបចំធ្វើជារបាយការណ៍ជូនថ្នាក់ដឹកនាំពិនិត្យលើបញ្ហានេះ ៕