(ព្រះសីហនុ)៖ ពលរដ្ឋ៤គ្រួសារដែលរស់នៅជួបការលំបាកខ្លាំង និងមានលំនៅឋានទ្រត់ទ្រមងាយរលំដោយសារខ្យល់ទទួលផ្ទះគំរូក្នុងមួយគ្រួសារ ១ខ្នងពីគម្រោង “បន្សុំទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅតំបន់លំនៅឋាន តំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា”។
ពិធីប្រគល់បានធ្វើឡើងនៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោក ភាវ សុវុទ្ធី អនុរដ្ឋលេខា
ធិការក្រសួងបរិដ្ឋាន តំណាងអង្គការ UN-Habitat តំណាងរដ្ឋបាលខេត្ត ស្រុក អាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ពលរដ្ឋដែលទទួលបានផ្ទះគំរូនារសៀលនេះមានឈ្មោះ៖
*ទី១. ឈ្មោះ ឡែប ស្រី និងគ្រួសារ រស់នៅភូមិ ព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់។
*ទី២. ឈ្មោះ សួន មុំ និងគ្រួសារ រស់នៅភូមិ ព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់។
*ទី៣. ឈ្មោះ អែម ដើក និងគ្រួសារ រស់នៅភូមិ កំពង់ស្មាច់តូច ឃុំទឹកល្អក់ ស្រុកព្រៃនប់។
*ទី.៤ ឈ្មោះ ឃ្លាំង ថាន និងគ្រួសារ រស់នៅភូមិព្រែកផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោក ភាវ សុវុទ្ធី បានថ្លែងប្រាប់បណ្តាញព័ត៌ឲ្យដឹងថា ផ្ទះគំរូដែលប្រគល់ជូនពលរដ្ឋនេះ បានរៀបចំឡើងដោយ អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ សហការជាមួយ UNHabitat ក្រោមការគាំទហិរញ្ញវត្ថុមូលនិធិបន្សុំ ដើម្បីអនុវត្តគម្រោង ការបន្សុំទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅតំបន់លំនៅឋានតំបន់ឆ្នេសមុទ្រនៃប្រទេសកម្ពុជា។ គម្រោងនេះមានគោលបំណងរួមដើម្បីលើកកម្ពស់ការបន្សំ និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុដល់ក្រុមងាយរងគ្រោះនៅតាមឆ្នេរសមុទ្រប្រទេសកម្ពុជា តាមរយៈសកម្មភាពបន្សំជាក់លាក់ ជាពិសេសក្នុងតំបន់ដែលមានសក្តានុពលអេកូទេសចរណ៍។
លោកបន្តថា គម្រោងនេះចែកចេញជា ៣ផ្នែកសំខាន់ៗរួមមាន៖
*ទី១. ចំណេះដឹង និងសមត្ថភាពរបស់សហគមន៍ត្រូវបានពង្រឹងដើម្បីទទួលបានផលប្រយោជន៍តាមរយៈការវិនិយោគរបស់គម្រោង។
*ទី២. សមត្ថភាពរៀបចំផែនការ និងសមត្ថភាពបច្ចេកទេស របស់មន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបានពង្រឹង និងចំណេះដឹងត្រូវបានចងក្រង និងផ្សព្វផ្សាយដើម្បីនិរន្តរភាព និងលើកកម្ពស់ការទទួលបានផលប្រយោជន៍នៃការបន្សំនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោង។
*ទី៣. ការបង្កើនភាពធន់តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច។
លោកបានគូសបញ្ជាក់ថា សម្រាប់គម្រោងនេះបានគាំទ្រដល់ការកសាងផ្ទះធន់នឹងការប្រែប្រួលអាកាសធាតុចំនួន៤ខ្នងផ្ទះ ស្ថិតនៅក្នុងខេត្តកែប និង និង៤ខ្នងផ្ទះនៅព្រះសីហនុ ដែលបច្ចុប្បន្នត្រូវបានសាងសង់រួចរាល់ជាស្ថាពរ។
តាមរយៈបទសម្ភាសន៍ពលរដ្ឋដែលទទួលបានផ្ទះបានសម្តែងអារម្មណ៍រំភើប ត្រេកអរ ហើយពោលពាក្យថាពិតជាមានភាពកក់ក្តៅក្រោយទទួលបានផ្ទះដ៏រឹងមាំមួយខ្នងនេះ ពោលគឺមិនត្រឹមតែមានភាពរឹងមាំ ក៏មានលក្ខណៈពិសេសដែលភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុដល់ក្រុមងាយរងគ្រោះនៅតាមឆ្នេរសមុទ្រប្រទេសកម្ពុជា ហើយក៏សូមថ្លែងអំណគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាកជាក់ស្តែងដូចនៅថ្ងៃនេះ៕