(បាត់ដំបង) គ្រាបកាំភ្លើងAKចំនួន១០កេះត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅពេលចុះភ្ជួរដីចំការនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិស្រឡៅជ្រុំ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានអោយដឹងថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្រខាងលើ កម្លាំងផ្នែកសឹករងសំពៅលូន ដែលដឹកនាំដោយលោកអនុសេនីយ៍ត្រី ភី ទូច មេបញ្ជាការកងអនុសេនាតូចទី២ បានសហការជាមួយកម្លាំងនគរបាលវរៈ៨១៧ និងកម្លាំងវរៈសេនាតូច៥៣៣ រួមជាមួយក្រុមការងារសុីម៉ាក់បានចុះទៅពិនិត្យជាក់ស្តែង។
ក្រោយពីចុះពិនិត្យជាក់ស្តែង ឃើញថាគ្រាប់ដែលប្រជាពលរដ្ឋប្រទះឃើញជាប្រភេទគ្រាប់កាំភ្លើង AK ដែលមានចំនួន សរុប១០កេះ ស្មើនឹង ៧០០០គ្រាប់ បន្ទាប់មកក្រុមការងារសុីម៉ាក់បានយកទៅរក្សារទុកដើម្បីរងចាំពេលវេលាដុតបំផ្លាញចោលនៅពេលក្រោយ៕