More

    ចោរថ្លើមធំវ៉ៃសោរទ្វារចូលលួចយកបច្ច័យ និងរបស់មានតម្លៃ ក្នុងកុដិលោកទាំងកណ្តាលថ្ងៃ រួចរត់គេចខ្លួនបាត់ដោយសុវត្ថិភាព

    spot_img

    (ឧត្តរមានជ័យ) ចោរពុំស្គាល់អត្តសញ្ញាណមួយក្រុមបានធ្វើសកម្មភាព វ៉ៃកម្ទេចសោរទ្វារកុដិលោក ក្នុងបរិវេណវត្តមួយកន្លែង ដោយលួចយក នៅបច្ច័យមួយចំនួន និងវត្ថុដែលមានតម្លៃ អស់ជាច្រើន ទៀតយកទៅបាត់ដោយសុវត្ថិភាព ដែលករណីនេះបានកើតឡើងរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នេះ ស្ថិតនៅក្នុងភូមិក៏ភ្លូ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

    បើតាមប្រភពបានឲ្យដឹងថា ទីតាំងដែលចោរវ៉ៃសោរលួចយកបច្ច័យនឹងសម្ភារ:ទាំងថ្ងៃនេះ គឺស្ថិតនៅក្នុងបរិវេណវត្ត សុវណ្ណរតនាគិរីសត្ថារ៉ាម (ហៅវត្តភ្នំអាតោ)។
    បើតាមសង្ឃដីកាពីព្រះតេជគុណ ព្រះនាម កែវ រតនា ជាចៅអធិការវត្តភ្នំអាតោ បានមានថេរដីកាថា ពេលកើតហេតុ ព្រះអង្គបាននិមន្តទៅកម្មវិធីបុណ្យគេនៅស្រុកអន្លង់វែង ហើយនៅក្នុងវត្ត នៅសល់កូននេនប្រមាណជាបីទៅបួនអង្គ ខណៈនោះ ក៏កូននេនបាន ខលទូរស័ព្ទ មកព្រះអង្គថា មានចោរលួចគាស់វ៉ៃសោទ្វារកុដិ លួចយកសម្ភារៈ ហើយខណៈនោះក៏មានពុទ្ធបរិស័ទ នៅជិតបរិវេណវត្ត បានមកទាន់តែត្រូវបានក្រុមចោរ អស់ទាំងនោះ ដឹងខ្លួនមុន នាំគ្នារត់ទៅបាត់អស់ ជាមួយនឹងសម្ភារៈ នៅក្នុងកុដិដោយសុវត្ថិភាព។

    ព្រះគ្រូចៅអធិការវត្តភ្នំអាតោ បានបញ្ជាក់ថា សម្ភារ:ដែលត្រូវចោរលួចពីក្នុងកុដិរួមមាន បច្ច័យមួយចំនួន និងវត្ថុល្អៗដូចជា ចែកាច់ ខ្នាយតាន់ នាងពួន នឹងចង្គោមខ្លា ជាដើម។

    គួររំឭកថានៅក្នុងបរិវេណ វត្តសុវណ្ណរតនាគិរីសិត្ថារ៉ាម ហៅវត្តភ្នំអាតោនេះ ត្រូវបានព្រះសង្ឃលើកឡើងថា កន្លងមកធ្លាប់មានករណី លួចបែបនេះ ជាច្រើនដងមកហើយ ហើយនៅពេលខ្លះ ក៏មានក្រុមជនទុច្ចរិតលួចដុតព្រៃក្បែរវត្ត បំណងចង់បំផ្លាញ តែត្រូវបានព្រះសង្ឃជួយពន្លត់ទាន់ពេល។

    សូមបញ្ជាក់ថា ប្រជាពលរដ្ឋ រួមនិងពុទ្ធបរិស័ទ បានស្នើដល់អាជ្ញាធរ និងសម្ថកិច្ច មេត្តាជួយរឹតបន្តឹងបញ្ហាសន្តិសុខ ទប់ស្កាត់រាល់បទល្មើសផ្សេងៗ និងការពារសុវត្ថិភាពក្នុងមូលដ្ឋាន ខណៈដែលបច្ចុប្បន្ន ភូមិសាស្ត្រតំបន់ក្បែរវត្តអារាមនេះ ហាក់ដូចជាពុំមានសុវត្ថិភាពល្អនោះឡើយ៕

    spot_img

    អត្ថបទទាក់ទង

    spot_img