បាត់ដំបង៖ កម្លាំងនៃអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការ បានចុះអនុវត្តរុះរើតូបជាច្រើនកន្លែង ដែលសាងសង់លក់ដូរ និងស្នាក់នៅបែបអាណាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់ នៅលើផ្លូវសាធារណៈ ក្រោយម្ចាស់មិនចូលរួមគោរព តាមការនែនាំរបស់អាជ្ញាធរ។
ក្នុងយុទ្ធនាការក្តៅ ក្នុងការចុះអនុវត្តរុះរើតូបលក់ដូរ និងតូបស្នាក់នៅបែបអាណាធិបតេយ្យខាងលើនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវសួន ដើមពោធិ៍ក្បែររបងវត្តដំរីស និងទូរប្រៃសណីយ៍ខេត្ត ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងក្រោយពីម្ចាស់ នៅរឹងទទឹងបន្តលក់ដូរ និងរស់នៅគ្មានសណ្តាប់ធ្នាប់ បង្ករភាពអាណាធិបតេយ្យដោយ មិនចូលរួមអនុវត្តទៅតាមសេចក្តីនែនាំ របស់អាជ្ញាធរដែលធ្លាប់ បានចុះនែនាំ និងបិទផ្សាយជាច្រើនលើកច្រើនសាររួចមក។
លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានអោយដឹងថា ការចុះអនុវត្តនាថ្ងៃនេះដែរ ធ្វើឡើងតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម អភិបាល និងយោងតាមសេចក្តីជូនដំណឹងលេខ ៣៥ សជណ ចុះថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៤ របស់សាលាខេត្តបាត់ដំបង ស្តីពីការរៀបចំសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវសាធារណៈ ក្នុងខេត្តបាត់ដំបង សេចក្តីជូនដំណឹងលេខ ១៨/១៧ សជណ ចុះថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់រដ្ឋបាលក្រុងបាត់ដំបង ស្តីពីការរៀបចំសណ្តាប់ធ្នាប់ ចិញ្ចើមផ្លូវសាធារណៈក្នុងក្រុងបាត់ដំបង។
ជាមួយការចុះអនុវត្តរុះរើតូបលក់ដូរ លក់ដូរនាព្រឹកនេះដែរ ចំពោះសម្ភារៈផ្សេងៗ ត្រូវបានកម្លាំងជំនាញដឹក យកទៅរក្សាទុកនៅសាលាក្រុងបាត់ដំបង ដើម្បីអោយម្ចាស់ចូលខ្លួន ទទួលការណែនាំអប់រំ និងបញ្ឈប់ការសាងសង់តូបលក់ដូរ និងរស់នៅតាមចិញ្ចើមផ្លូវជាបន្តទៀត ដើម្បីរក្សាអោយបាននូវរបៀបរាបរយ នៅតាមទីសាធារណ:ផងដែរ។
លោកអធិការបញ្ជាក់បន្ថែមថា មុននិងឈានដល់ការចុះរុះរើនេះ រយៈពេលកន្លងមកអាជ្ញាធរធ្លាប់ បានចុះធ្វើការនែនាំ និងជូនដំណឹងដល់ពួកគាត់ជាច្រើន លើកច្រើនសារមកហើយ តែពួកគាត់មិនចូលរួមគោរព តាមការនែនាំជាបួនប្រាំដង នៅតែបន្តបើកលក់ និងរស់នៅដដែល ទើបអាជ្ញាធរសម្រេចចិត្តចុះរុះរើតែម្តង៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ