កំពត៖ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានា រួមមាន បណ្ណាល័យ ក្លោងទ្វារ និងទីធ្លាចាក់សាបសាលា នៅក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យភ្នំលក ស្ថិតក្នុងឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២០ អភិបាលស្រុកកំពង់ត្រាច លោកអូន ខន និងសប្បុរសជនជាម្ចាស់អំណោយ បានលើកឡើងថា រាល់សមិទ្ធផលទាំងអស់ ទោះតិចក្តី ច្រើនក្តី ដែលបានប្រគល់ជូនដល់សាលា គឺបានបង្ហាញអំពីវប្បធម៌នៃការចែករំលែក ទាំងធនធាន និងទាំងស្មារតីបំផុសឲ្យមនុស្សគ្រប់គ្នា ពិសេសក្មេងៗជំនាន់ក្រោយ ស្រឡាញ់ និងឲ្យតម្លៃការសិក្សារៀនសូត្រ ព្រោះមានតែចំណេះវិជ្ជាទេ ដែលជាទ្រព្យចាយមិនចេះអស់ (ចាយច្រើន ចម្រើនច្រើន)។ ចំណេះវិជ្ជាគឺពន្លឺសម្រាប់បំភ្លឺផ្លូវ ឆ្ពោះទៅរកភាពអភិវឌ្ឍន៍រុងរឿង សម្រាប់ខ្លួនឯងផង និងសម្រាប់សង្គមជាតិទាំងមូលផង។
ជាក់ស្តែងសមិទ្ធិផលនានាដែលដាក់សម្ភោធ ឲ្យប្រើប្រាស់នៅថ្ងៃនេះ ពិតជាមានសារៈសំខាន់ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ធនធានមនុស្ស តាមរយៈការផ្តល់ឱកាស ដល់កូនចៅប្រជាពលរដ្ឋ ដែលមានជីវភាពមិនសូវធូរធារ ក្នុងសហគមន៍ ទទួលបានការអប់រំ និងការបណ្តុះបណ្តាល យ៉ាងត្រឹមត្រូវ ដើម្បីជាទន់សម្រាប់បន្តដំណើរជីវិត នៅលើផ្លូវដ៏ត្រចះត្រចង់នាពេលអនាគត។
ជាក់ស្ដែង សមិទ្ធផលដែលជាអំណោយសប្បុរស របស់លោក ឆោម សារ៉ាត់ លោកវេជ្ជបណ្ឌិតឆោម សារុំ និងលោកឆោម សំបូរ គឺជាការឧទ្ទិសជូនដល់លោកយាយ ស៊ូ ហេង ដែលត្រូវជាម្តាយ បានផ្ដាំផ្ញើដល់កូនចៅ នៅរស់ឲ្យបន្តកសាងសមិទ្ធផលដើម្បី រួមចំណែកលើកកំពស់វិស័យអប់រំនៅកម្ពុជា។ ក្នុងសាលា ទាំងបឋមនិងអនុវិទ្យាល័យភ្នំលកនេះ រួមមានការចាក់សាបអមដងផ្លូវទីធ្លា សាលាបឋមសិក្សា និងក្លោងទ្វារសាលា អស់ទឹកប្រាក់សរុបចំនួន ១១.៦០០ ដុល្លា។ ផ្ដល់ជូនថវិកាចំនួន២.៥៧០ដុល្លារ សម្រាប់ចាក់សាបនៅសាលាអនុវិទ្យាល័យ និងអគារបណ្ណាល័យសិក្សាមួយខ្នង មានទំហំ៥ ម៉ែត្រគុណនឹង១០ ម៉ែត្រ រួមនឹងការបំពាក់សម្ភារៈ និងសៀវភៅសិក្សា អស់ថវិកាសរុបចំនួន១៧.០០០ដុល្លារផងដែរ៕ រូបភាព និងអត្ថបទ៖ ហង្ស សុភាព