More

    លោកជំទាវ បាន ស្រីមុំ អញ្ជើញដឹកនាំ ប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុប ការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិ ឆ្នាំ២០២៣

    spot_img

    ប៉ៃលិន៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន បានបើកប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១០ សហវ ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិ ឆ្នាំ២០២៣ ជូនដល់មន្ទីរជំនាញជុំវិញខេត្តប៉ៃលិន ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ។

    លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការផ្សព្វផ្សាយសារាចរនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់គ្រប់មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ធ្វើការអនុវត្តថវិកាអោយបានត្រឹមត្រូវ ម្យ៉ាងវិញទៀតកិច្ចប្រជុំនេះ ក៍មានគោលបំណង ដើម្បីពង្រឹង និងបង្កើនសមត្ថភាពបន្ថែមទៀត ក្នុងការអនុវត្តគម្រោងសកម្មភាព ចំណូល-ចំណាយ ថវិកាប្រចាំឆ្នាំ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងជម្រុញដល់ការងារឲ្យកាន់តែមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ហើយការបិទបញ្ជីចំណូល- ចំណាយអោយមានតម្លាភាព និងឆាប់រហ័សទៀតផង។

    លោកជំទាវ អភិបាលខេត្ត ក៍បានមានប្រសាសន៍ជម្រុញ ដល់គ្រប់មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ត្រូវតែគិតគូអោយបានច្បាស់លាស់នូវការរៀបចំផ្នែកចំណូល-ចំណាយរបស់ខ្លួនអោយបានជាក់លាក់ត្រឹមត្រូវ ទាន់ពេលវេលា និងស្របតាមតម្រូវការជាក់ស្តែង ក្នុងដំណើរការអនុវត្តការងារថវិកា និងយន្តការការអនុវត្តន៍ថវិកាថ្នាក់ក្រោមជាតិ ជាពិសេស ត្រូវគិតគូ និងយកចិត្តទុកដាក់ក្នុងការអនុវត្តការងារបិទបញ្ជី ចំណូល-ចំណាយថវិកាក្នុងឆ្នាំ២០២៣ នេះ ឱ្យបានត្រឹមត្រូវច្បាស់លាស់ ស្របតាមយន្តការបញ្ចកោណ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកំណែទម្រង់ដឹកនាំ និងអភិវឌ្ឍន៏គ្រប់ក្រសួង មន្ទីរ ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រកបដោយប្រសិទ្ធភាព។

    ក្នុងឱកាសនោះផងដែរ លោកជំទាវបាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីស្វែងយល់ឲ្យបានកាន់តែច្បាស់នូវវិធាននីតិវិធី និងបច្ចេកទេសនានា ក្នុងការរៀបចំអនុវត្តថវិកាកម្មវិធីគ្រប់អង្គភាពថវិកា នៃមន្ទីរជំនាញ នៅមូលដ្ឋានថ្នាក់ក្រោមជាតិនេះ ដោយខិតខំគោរពឲ្យបានខ្ជាប់ខ្ជួនតាមល័ក្ខខ័ណ្ឌ និងបណ្តាវិធានការនានា ព្រមទាំងគោលការណ៍ និងបច្ចេកទាំងឡាយទាំងផ្នែកចំណូល និងផ្នែកចំណាយ ដែលកំណត់ដោយសារាចរនេះ ឲ្យកាន់តែមានភាពសុក្រិត្យ និងច្បាស់លាស់ ៕

    spot_img

    អត្ថបទទាក់ទង

    spot_img