បាត់ដំបង៖ ភ្លៀងធ្លាក់មួយមេធំ ជាបន្តបន្ទាប់ បណ្តាលឲ្យទំនប់ទឹកហុងបាសាក់ ប្រវែង៥០ម៉ែត្រ ត្រូវបានបាក់ ធ្វើឲ្យលិចផ្ទះសំបែងរបស់ពលរដ្ឋ អស់ចំនួន២ឃុំ នៅក្នុងស្រុករុក្ខគិរី។
តាមសេចក្តីរាយការណ៍មួយ បានបញ្ជាក់ថា គិតត្រឹមម៉ោង៥ល្ងាច ថ្ងៃទី៨ រហូតមកដល់ម៉ោង៩ព្រឹកថ្ងៃទី ៩ខែតុលា ឆ្នាំ២០២០នេះ ទឹកជំនន់បានធ្វើឲ្យបាក់ទំនប់ទឹកហុងបាសាក់ ដែលមានប្រវែង៥០ម៉ែត្រ បណ្ដាលឲ្យលិចផ្ទះប្រជាពល អស់ចំនួន២ឃុំ នៅក្នុងស្រុករុក្ខគិរីនេះ ដែលក្នុងឃុំនោះមាន គឺឃុំបាសាក់មានចំនួន៨ភូមិ និងឃុំព្រែកជីកមានចំនួន៧ភូមិ។
បន្ទាប់ពីផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង កំពុងរងការវាយប្រហារដោយទឹកជំនន់នេះ នៅព្រឹកថ្ងៃទី៩នេះដែរ លោកឧត្តមសេនីយ៏ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំកម្លាំង៥៤នាក់ ចុះទៅជួយសង្គ្រោះ ប្រជាពលរដ្ឋដល់គោលដៅផ្ទាល់តែម្តង នៅត្រង់ចំណុចឃុំព្រែកជីក នៃស្រុករុក្ខគិរី។
អំពីស្ថានភាពជំនន់ទឹកភ្លៀងនេះ អាជ្ញាធរខេត្ត និងកងកម្លាំងគ្រប់ផ្នែក ក៏កំពុងចុះតាមមូលដ្ឋាន ដើម្បីពិនិត្យ និងតាមជួយដល់ ពលរដ្ឋក្នុងមូលដ្ឋានផងដែរ ដើម្បីការពារកុំឲ្យមានគ្រោះថ្នាក់ដល់ពលរដ្ឋ៕ រូបភាព និងអទ្ថបទ៖ ភ្នំខៀវ