តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំ និងស្នើឲ្យអាជ្ញាធរគ្រប់ក្រុងស្រុកទាំងអស់ ត្រូវតែចូលរួមផ្សព្វផ្សាយ ពីច្បាប់ចរាចរណ៍ផ្លូវគោក អោយខ្លាំងខ្លាបន្ថែមទៀត នៅពេលចុះតាមមូលដ្ឋាន ដើម្បីអោយពលរដ្ឋបានយល់ដឹងកាន់តែច្រើន ព្រោះវាជាការរួមចំណែកមួយ ក្នុងការកាត់បន្ថយបញ្ហាគ្រោះចរាចរណ៍ នៅក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេស។ ឯកឧត្តមបានថ្លែង នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សុវត្តិភាពចរាចរណ៍ផ្លូវគោក ប្រចាំខែកញ្ញា និងប្រចាំឆមាសឆ្នាំ២០២០ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តតាកែវ។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសថា នៅពេលដែលបងប្អូនយើង បានយល់ដឹងច្បាស់ ពីការប្រើប្រាស់ផ្លូវនិងច្បាប់នោះ វាជារឿងចាំបាច់មួយ ដែលអាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ សំរាប់ពួកគាត់បាន។
ឯកឧត្តមបន្តថា ការចូលរួមពីសំណាក់អាជ្ញាធររបស់យើង បានគ្រប់គ្នាក្នុងការចូលផ្សព្វផ្សាយនៅច្បាប់ចរាចរណ៍ ដល់មូលដ្ឋានប្រជាពលរដ្ឋយល់ដឹងហើយនោះ វានិងធ្វើអោយប្រជាពលរដ្ឋរបស់យើង បានដឹងពីច្បាប់ និងផលប៉ះពាល់មួយចំនួន ដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍នេះ ហើយនាំគ្នាផ្សព្វផ្សាយបន្ត និងគោរពច្បាប់ចរាចរណ៍ទាំងគ្នា ម្លេះហើយបញ្ហាគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ វានិងត្រូវបានកាត់បន្ថយបន្តិចម្តងៗ រហូតសម្រេចបានតាមផែនការ ដែលបានគ្រោងទុកតែម្តង។
សូមបញ្ជាក់ផងដែរ បើយោងតាមរបាយការណ៍ចរាចរណ៍ នៃស្នងការនគរបាលខេត្តបានអោយដឹងថា ករណីគ្រោះ ថ្នាក់ចរាចរណ៍រយះពេល៩ខែឆ្នាំ២០២០កើតឡើង ៥៣លើ ៨១លើក មានការថយចុះ ២៨ លើកស្មើនិង៣៤,៥៦% បណ្តាលអោយមនុស្សរងគ្រោះ ១០១ នាក់ ស្រី៣៤នាក់ លើ១៥៧នាក់ ថយចុះ៥៦ នាក់ ស្មើ៣៥,៦៦% ស្លាប់ ៣៦នាក់ លើ ៥០នាក់ ថយចុះ ១៤ ស្មើ២៨% និងខូច ខាតមធ្យោបាយសរុប ១០៣ គ្រឿង លើ១៦៣ ដែលក្នុងនោះ រយន្តធំ ០៩ គ្រឿង រយន្តតូច ៤៣ គ្រឿង ម៉ូតូ៥៣ គ្រឿង និងផ្សេងៗ ៣គ្រឿង៕ រូបភាព និងអទ្ថបទ៖ សុគន្ធី