More

    មេបញ្ជាការអាវុធហត្ថខេត្តប៉ៃលិន បើករថយន្តបត់ឆ្វេងត្រូវម៉ូតូពលរដ្ឋបុក របួសធ្ងន់អ្នកបើកម៉ូតូ

    spot_img

    ប៉ៃលិន៖ យុវជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានរងរបួសធ្ងន់ដង្ហើមចង្រិត ដោយបែកក្បាលផ្នែកខាងក្រោយធ្ងន់ធ្ងរ និងបាក់ជើង ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណ:បើកបរម៉ូតូក្នុងល្បឿនលឿន លុះជាន់ហ្វ្រាំងអត់ទាន់ ក៏ជ្រុលទៅបុករថយន្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន ចំពាក់កណ្តាលពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

    ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

    ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល២៥ឆ្នាំ រងរបួសបែកក្បាលផ្នែកខាងក្រោយធ្ងន់ធ្ងរ និងរបួសបាក់ជើង អត់ពាក់មួកសុវត្ថិភាព ដោយបើកបរម៉ូតូម៉ាកឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1D-9819 រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

    ចំណែកភាគីខាងរថយន្តមាន ឈ្មោះ វ៉ាន់ ណាឡុង ភេទប្រុស ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន ដោយបើកបររថយន្តម៉ាក ឡិចស៊ិស 470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-8853 រងការខូចខាតស្រាល។

    ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញមានរថយន្តរបស់ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់កន្លែងកើតហេតុ ក៏បានបត់ឆ្វេងបម្រុងត្រឡប់ក្រោយ ស្របពេលម៉ូតូ ជនរងគ្រោះបើកបរក្នុងល្បឿនលឿន ដោយទិសដៅស្របគ្នា ក៏ជ្រុលទៅបុកចំពាក់កណ្តាលរថយន្ត ពេញទំហឹង បណ្តាលឱ្យដួលប្រាវ រងរបួសធ្ងន់តែម្តង។

    ប្រភពដដែលបញ្ជាក់ថា ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានសាច់ញាតិ ដឹកតាមរថយន្តយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ចំណែកម៉ូតូ និងរថយន្ត បន្ទាប់ពីនគរបាលចរាចរណ៍ធ្វើការវាស់វែងរួច ក៏យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក រង់ចាំធ្វើការដោះស្រាយ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img
    spot_img

    អត្ថបទទាក់ទង

    Leave a Reply

    spot_img