បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ បានរៀបចំពិធីសំណេះសំណាលជាមួយកងកម្លាំង និងប្រកាសផ្ទេរភារកិច្ច ព្រមទាំងបំពាក់ឋានន្តរស័ក្តិ មន្រ្តីនគរបាលបាលជាតិ វរការពារព្រំដែនគោក៩១១ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ។
កម្មពិធីនេះធ្វើឡើង នៅទីបញ្ជាការដ្ឋានវរសេនាតូច នគរបាលការពារព្រំដែនគោក៩១១ ដោយមានការអញ្ជើញចូលរួម ពីលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ដ ស្នងការរងផ្នែកព្រហ្មទណ្ឌ និងអធិការក្រុងស្រុក ព្រមទាំងកងកម្លាំងសរុបជាង៤០០នាក់។
លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានពាំនាំពាក្យផ្តាំផ្ញើ របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ សួរសុខទុក្ខដល់កងកម្លាំង និងបាននាំយកអំណោយមួយចំនួន របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ប្រគល់ជូនដល់កងកម្លាំង នគរបាលការពារព្រំដែនគោក៩១១ កងកម្លាំងនគរបាលការពារព្រំដែនគោក៨៩១ រួមនឹងកម្លាំងនគរបាលការពារព្រំដែនគោក៨១៥ផងដែរ។
ក្នុងនោះលោក សិទ្ធិ ឡោះ បានកោតសរសើរ កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែន នៃស្នងការនគរបាលខេត្ត បន្ទាយមានជ័យ ដែលបានយកចិត្ត ខិតខំការពារបូរណភាពទឹកដីកម្ពុជាយើង បានយ៉ាងល្អនាពេលកន្លងមក និង ស្នើឲ្យកងកម្លាំងទាំងអស់បន្តខិតខំការពារ និងបំពេញភារកិច្ចរបស់ខ្លួន ឲ្យបានល្អជាងនេះបន្តទៀត។
លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ក៏បានបញ្ជារឲ្យកងកម្លាំងទាំងអស់ ដែលនៅតាមបន្ទាត់ព្រំដែន ត្រូវរឹតបន្តឹងបន្ថែមទៀត ក្នុងការទប់ស្កាត់ទំនិញ ឬ ពលករឆ្លងដែនខុសច្បាប់ ឲ្យបានល្អប្រសើរជាងនេះថែមទៀតផងដែរ តាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ៕ រូបភាព និងអត្ថបទ៖សន សុង