More

    សមាគមកាយឫទ្ធិនារីកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់ពីកម្ពុជាឈ្នះការបោះឆ្នោតធ្វើជាម្ចាស់ផ្ទះ សម្រាប់រៀបចំសន្និបាតពិភពលោកលើកទី ៣៩ ឆ្នាំ២០២៦

    spot_img

    ភ្នំពេញ ៖ សមាគមកាយឫទ្ធិនារីកម្ពុជា នៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ ដោយបញ្ជាក់ពីកម្ពុជាបានឈ្នះការបោះឆ្នោតធ្វើជាម្ចាស់ផ្ទះ សម្រាប់រៀបចំសន្និបាតពិភពលោកលើកទី ៣៩ ឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន យើងទទួលបាន។

    សមាគមកាយឫទ្ធិនារីកម្ពុជា បានបញ្ជាក់ថា លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូទៅ ចូលរួមអង្គសន្និបាតលើកទី ៣៨ របស់សមាគមកាយឫទ្ធិនារីពិភពលោក (38th WAGGGS Conference) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ ២០២៣ នៅសាធារណរដ្ឋ Cyprus និងបានព្យាយាមយ៉ាងស្វិតស្វាញ និងសកម្ម ដើម្បីស្នើបេក្ខភាពកម្ពុជាឱ្យបានចូលរួមបោះឆ្នោតជ្រើសរើសប្រទេសធ្វើជាម្ចាស់ផ្ទះសម្រាប់រៀបចំសន្និបាតពិភពលោកលើកទី ៣៩ ឆ្នាំ ២០២៦។

    សេចក្តីប្រកាសព័ត៌មានបន្តថា «កម្ពុជាត្រូវបានជាប់ក្នុងចំណោម៣ ប្រទេសចុងក្រោយ រួមមាន កម្ពុជា, ហ្គាណា និងទុយនេស៊ី ក្រោយពីគណៈកម្មាធិការបានវាយតម្លៃយ៉ាងល្អិតល្អន់ សម្រាប់ឈានទៅបោះឆ្នោតវគ្គបន្ត។ បន្ទាប់មកកម្ពុជាយើងក៏បានបន្តជាប់ក្នុងចំណោម ២ ប្រទេសចុងក្រោយ គឺ កម្ពុជា និងហ្គាណា ដើម្បីឈានទៅបោះឆ្នោតសម្រេចផ្ដាច់ព្រ័ត្រ ហើយនៅទីបំផុត និងជាលទ្ធផលប្រវត្តិសាស្ត្រ និងមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះរាជាណាចក្រ កម្ពុជាយើងត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី ៣៩ ឆ្នាំ ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក (39th WAGGGS Conference)។ សូមបញ្ជាក់ថា សមាគមកាយប្ញទ្ធិនារីពិភពលោក មានសមាជិកមកពី ១៦៩ ប្រទេស មកពីគ្រប់ទ្វីបលើពិភពលោក»។

    ជាមួយគ្នានេះ សមាគមកាយឫទ្ធិនារីកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សមាជិកា សមាជិក ព្រមទាំងជនរួមជាតិទាំងអស់ ដែលបានជួយគាំទ្រ ទាំងកម្លាំងចិត្ត និងថាមពលនានា ដើម្បីដាក់បេក្ខភាពកម្ពុជា សម្រាប់ធ្វើការជ្រើសរើស ដែលសកម្មភាពទាំងនេះបានឆ្លុះបង្ហាញអំពីសាមគ្គីភាពជាធ្លុងមួយរបស់ជនរួមជាតិយើង ក្នុងការលើកស្ទួយកិត្តិនាមប្រទេសជាតិ ទោះក្នុងកាលៈទេសៈណាក៏ដោយ រហូតសម្រេចបានសមិទ្ធផលល្អប្រសើរត្រចះត្រចង់នាពេលនេះ ហើយសមាគមសូមលើកទឹកចិត្តដល់គ្រប់សមាជិកា សមាជិកទាំងអស់ រក្សាស្មារតីដ៏ប្រពៃនេះទៅថ្ងៃអនាគតទៀត៕

    spot_img

    អត្ថបទទាក់ទង

    spot_img