(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំសម្របសម្រួលជាមួយប្រជាពលរដ្ឋប្រមាណជាង២០សិបគ្រួសារ ពាក់ព័ន្ធទៅនឹងការចូលកាន់កាប់ដីធ្លីដោយខុសច្បាប់ របស់ក្រុមហ៊ុន កាណាឌីយ៉ា នៅចំណុចអូត្រាវ ឃុំបិត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ដំណើរនៃកិច្ចប្រជុំមានការចង្អុលបង្ហាញពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំដោយលោក ប៊ូ វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យ សាលាខេត្តព្រះសីហនុ និងបានសហការអាជ្ញាធរ មានសមត្ថកិច្ច តំណាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋជាង១០គ្រួសារ ក្នុងចំណោម២៦គ្រួសារបានចូលរួម នៅសាលប្រជុំសាលាខេត្តព្រះសីហនុបន្តោះអាសន្ន។
កន្លងមករដ្ឋបាលខេត្តព្រះសីហនុបានធ្វើការសម្របសម្រួល និងដោះស្រាយបញ្ហាទំនាស់ដីធ្លីនេះក្រៅប្រព័ន្ធតុលាការជាបន្តបន្ទាប់រួចមកហើយដែរ ច្បាប់ ជាលទ្ឋផលប្រជាពលរដ្ឋប្រមាណ ៨៥% បានឯកភាពទទួលយកគោលការណ៍ដោះស្រាយរបស់ធនាគារកាណាឌីយ៉ា ដោយយល់ព្រមទទួលយកដីឡូត៍ទំហំ ៥ម៉ែត្រ គុណ ២០ម៉ែត្រ និងយល់ព្រមរុះរើសំណង់ផ្សេងៗ និងរបងថ្ម ចេញពីទីតាំងដីខាងលើដោយស្ម័គ្រចិត្ត។ ប្រជាពលរដ្ឋដែលបានឯកភាពខាងលើ រដ្ឋបាលខេត្តព្រះសីហនុ បានសម្របសម្រួលបំពេញបែបបទឯកសារជូនបងប្អូន ដើម្បីត្រៀមចុះបញ្ជីទទួលយកប័ណ្ណកម្មសិទ្ធិដីលើទីតាំងដីឡូត៍ដែលធនាគារបានរៀបចំជូន។ ហើយក្នុងនោះនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីចាប់ឆ្នោត និងប្រគល់លេខដីឡូត៍ ជូនប្រជាពលរដ្ឋដែលយល់ព្រមតាមគោលការណ៍ដោះស្រាយរបស់ ធនាគារកាណាឌីយ៉ា រួចរាល់។ ដោយឡែកនៅតែប្រមាណជាង២០គ្រួសារតែប៉ុណ្ណោះនៅមិនទាន់យល់ព្រមទទួលយក។
ក្នុងនាមរដ្ឋបាលខេត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធនៅតែព្យាយាមពន្យល់ណែនាំ សម្របសម្រួល និងនៅតែបន្តដោះស្រាយតាមគោលនយោបាយឈ្នះៗ ជាក់ស្តែងនៅព្រឹកនេះប្រជាពលរដ្ឋជាង១០គ្រួសារក្នុងចំណោម២៦គ្រួសារបានមកចូលរួមក្នុងកិច្ចប្រជុំ ដើម្បីស្តាប់ការណែនាំសម្របសម្រួលពីមន្ត្រីជំនាញនៃរដ្ឋបាលខេត្តព្រះសីហនុ។
ជាមួយគ្នានេះក្រោយការពិនិត្យស្រាវជ្រាវរបស់ក្រុមការងារបានរកឃើញថា ការចូលកាន់កាប់រស់នៅរបស់ប្រជាពលរដ្ឋ គឺជាការចូលទន្ទ្រានលើដីកម្មសិទ្ធិឯកជនរបស់អ្នកដទៃ តាមរយៈក្រុមមេខ្យល់មួយក្រុមដែលបាន ធ្វើសកម្មភាពចាប់ដីខាងលើលក់បន្តឱ្យទៅប្រជាពលរដ្ឋផ្សេងទៀតក្នុងតម្លៃទាប បន្ទាប់មកក្រុមមេខ្យល់នេះបានកៀរគរប្រមូលប្រាក់ពីប្រជាពលរដ្ឋដែលបានទិញដីខាងលើ ដោយអះអាងថាយកប្រាក់ទាំងនេះទៅរត់ការធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។ ចំពោះក្រុមមេខ្យល់ដែលធ្វើសកម្មភាពខាងលើនេះ ត្រូវបានក្រុមការងារស្រាវជ្រាវទំនាស់ដីធ្លីនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានកំណត់មុខសញ្ញារួចរាល់ហើយផងដែរ ក្នុងនោះមានចំនួន៣នាក់ ដូចខាងក្រោម៖
*ទី១. ឈ្មោះ សុក ពឿន
*ទី២. ឈ្មោះ យស់ សាវ៉ាត
*ទី៣. ឈ្មោះ សួង ផល្លា
តាមការបញ្ជក់របស់រដ្ឋបាលខេត្តព្រះសីហនុ នៅក្នុងសេចក្តីប្រកាសព័ត៌មាន បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ បើនៅតែបន្តធ្វើសកម្មភាពល្មើសច្បាប់ រដ្ឋបាលខេត្តព្រះសីហនុ នឹងអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងមាត់ដោយគ្មានការលើកលែងចំពោះបងប្អូន និងមេខ្លោងទាំងឡាយណាដែលព្យាយាមញុះញង់ឱ្យមានការទន្រ្ទានកាន់កាប់ដីដោយខុសច្បាប់ យកមកផ្តន្ទាទោសឱ្យខានតែបាន។