កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយអភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុងកំពង់ឆ្នាំង និងក្រុមការងារ បានចុះពិនិត្យអគារសិក្សាចាស់១ខ្នង សង់ពីឈើប្រក់ក្បឿង ដែលរលំដោយសារខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតក្នុងវិទ្យាល័យព្រះបាទសុរាម្រឹត ក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ឯកឧត្ដម បានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡា អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ចុះត្រួតពិនិត្យ វាយតម្លៃគុណភាពអគារសិក្សាដែលមានសភាពចាស់ទ្រុឌទ្រោមនៅតាមសាលារៀន ដើម្បីជួសជុល កែលម្អ ឬស្នើសុំគោលការណ៍រុះរើចោល ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ។
ក្នុងឱកាសនោះ ឯកឧត្ដម ក៏បានពិនិត្យស្ថានភាពទូទៅក្នុងវិទ្យាល័យ ទាំងបន្ទប់រៀន ទីចាត់ការ ទីលានកីឡា អាហារដ្ឋាន សួនច្បារ ស្រះទឹក។ល។ និងបានណែនាំដល់គណៈគ្រប់គ្រងសាលា ត្រូវបន្តយកចិត្តទុកដាក់កែលម្អបរិស្ថាន អនាម័យ សោភ័ណភាព បន្តពង្រឹងវិន័យ គុណភាពសិក្សា ឲ្យក្លាយជាសាលាមេត្រីមានបរិស្ថានស្រស់បំព្រង ជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព។
ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនគណៈគ្រប់គ្រងសាលាផងដែរ។