ប៉ៃលិន៖ ប្រជាពលរដ្ឋ ក៏ដូចជាអ្នកចេញចូលផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី បានសម្តែងការរិះគន់ ចំពោះគំនសំរាម ដែលស្អុយរលួយ ធំក្លិនស្អុយ សាយភាយប៉ះពាល់ដល់សុខភាព របស់ពួកគាត់ ខណៈមិនទាន់មានអ្នកមកប្រមូលចោលសោះ គ្មានអ្នកទទួលខុសត្រូវ។
បើយោងតាមប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរឆ្លងកាត់ និងជាអ្នកចេញចូលផ្សារខាងលើ បាននិយាយកាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះថា សំរាមជាច្រើនបាវ ត្រូវបានក្រុមអាជីវករ យកមកគចោលជាង១សប្តាហ៍មកហើយ នៅក្នុងបរិវេណផ្សារសាមគ្គី ហៅប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ការគចោលសំរាម ដែលគ្មានអ្នកទទួលខុសត្រូវនេះ វាបានបង្កផលប៉ះពាល់ដល់បរិស្ថាន។
ចំណែកឯពលរដ្ឋម្នាក់ផ្សេងវិញទៀត ដែលមានលំនៅស្ថានក្បែរគំនសំរាមនោះ បាននិយាយថា ពួកគាត់មានការលំបាកខ្លាំង ដោយសារក្លិនស្អុយចេញពីសំរាមនោះ។ ពួកគាត់បន្តទៀតថា កំទេចសំរាម ដែលគេដឹកយកទៅគរទុកចោលនៅក្នុងបរិវេណផ្សារនោះ រួមមាន៖ កំទេចបន្លែ កាកសំណល់ផ្ទះបាយ សំបកពងមាន់ ពងទា ឆ្អឹងគោ ឆ្អឹងជ្រូក ក្បាលត្រី ស្រកាត្រី រួមជាមួយនឹងកាកសំណល់បន្លែគ្រប់ប្រភេទផងដែរ។សំរាមទាំងនោះមានហូរទឹក ដុះស្លែ មានដង្កូវ និងជះក្លិនអាក្រក់ ធ្វើឲ្យយើងខ្ពើម មិនអាចទទួលទានអាហារបាន។ តែអ្វីដែលពួកគាត់ឆ្ងល់ និងចង់រិះគន់ខ្លាំងជាងគេនោះ គឺហេតុអ្វីផ្សារកណ្តាលក្រុងប៉ៃលិនទាំងមូល បែរជាគ្មានអ្នកទទួលខុសត្រូវឲ្យបានល្អ ចំពោះកាកសំណល់បែបនេះទៅវិញ។ ពលរដ្ឋក៏បានសំណូមពរឲ្យអាជ្ញាធរ បង្កើនការយកចិត្តទុកដាក់ ពីរបៀបគ្រប់គ្រងកាកសំណល់ក្នុងផ្សារនេះ ព្រោះរឿងនេះមិនត្រឹមតែ បង្កផលប៉ះពាល់ដល់ សុខភាពពលរដ្ឋប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យប៉ះពាល់ដល់មុខមាត់ និងសោភណ្ឌភាពក្រុងផងដែរ។
ពាក់ព័ន្ធទៅនឹងបញ្ហាដែលពលរដ្ឋលើកឡើងខាងលើនេះ លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានឱ្យដឹងថា រឿងនេះ លោកមិនទាន់បានដឹងនៅឡើយទេ ចាំលោកប្រាប់មន្រ្តីក្រោមឱវាទឱ្យចុះពិនិត្យ និងទាក់ទងទៅមេការក្រុមហ៊ុនដឹកសំរាម ឱ្យដឹកយកចាក់ចោល៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ