ភ្នំពេញ៖ បុរសម្នាក់ជាជនពិការបានស្លាប់ភ្លាមៗ នៅកន្លែងកេីតហេតុយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ ដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណះជិះម៉ូតូឌុបគ្នា ត្រូវរថយន្តបុកកិនអូសប្រហែល៥០ម៉ែត្រ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចស្តុបក្បាលថ្នល់ តាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BS-7528 បេីកបរដោយបុរសម្នាក់ ឌុបបុរសជាជនពិការម្នាក់ទៀត ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីលិចទៅកេីត ខណះមកដល់ចំណុចកេីតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រប្រភេទដឹកអេស្កាវទ័រ ពណ៍ត្រេអ៉ី ពាក់ស្លាកលេខខេមរភូមិន្ទ023-2631 ធ្វេីដំណេីរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជេីង ហេីយបានឆ្លងផ្លូវបត់ឆ្វេងឆ្ពៅទៅផ្លូវព្រះមុនីវង្ស ក៏កៀរនិងកិនម៉ូតូបណ្តាលឲ្យអូសជនពិការម្នាក់ ជាប់ក្រោមរថយន្តចំងាយប្រហែល៥០ម៉ែត្រ ស្លាប់យ៉ាងអាណោចអាធម័ ចំណែកម្នាក់ទៀតរងរបួសធ្ងន់។
ក្រោយកេីតហេតុរថយន្តបង្ក បានបេីករត់គេចចេញពីកន្លែងកេីតហេតុ ចម្ងាយប្រហែល១៥០ម៉ែត្រ ទេីបឈប់ ហេីយតៃកុងចុះគេចខ្លួនបាត់បន្សល់ទុករថយន្តចោល ចំណែកជនរងគ្រោះ ដែលរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ចំណុចកេីតហេតុ និងធ្វេីការវាស់វែងយករថយន្ត និងម៉ូតូទៅការិយាល័យចរាចរណ៍ជេីងគោក រាជធានីភ្នំពេញនៃស្នងការនគរបាលជាតិ រងចាំដោះស្រាយតាមច្បាប់។ ដោយឡែកសពត្រូវបានសមត្ថកិច្ចធ្វេីការស្រាវជ្រាវ ដេីម្បីមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល