បាត់ដំបង៖ អគ្គីភ័យបានឆាបឆេះផ្ទះចំនួន០១ខ្នងទាំងស្រុង ដែលគេសង្ស័យថាបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១៣និង៥០នាទីរសៀល ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
សមត្ថកិច្ចបានអោយដឹងទៀតថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ៥ម៉ែត្រx៧ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ឆេះទាំងស្រុង ដែលមានម្ចាស់ឈ្មោះ អ៊ុន ធុន ភេទប្រុស អាយុ៤៨ឆ្នាំ និងប្រពន្ធឈ្មោះ យ៉ែម វ៉ាង អាយុ៤៧ឆ្នាំមានទីលំនៅក្នុងភូមិ ឃុំកន្លែងកើតហេតុខាងលើ។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ ភ្លាមៗនោះ សមត្ថកិច្ចពុំបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារផ្លូវឆ្ងាយនិងទទួលដំណឹងយឺតពេល ប៉ុន្តែមិនបណ្តាលអោយមានគ្រោះថ្នាក់ ដល់មនុស្សឡើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យសាកសួរជំវិញកន្លែងកើតហេតុ និងបានសន្និដ្ឋានថា ករណីគ្រោះអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
សម្ភារខូចខាតផ្ទះ០១ខ្នងឆេះទាំងស្រុង រួមនឹងសម្ភារៈមាន- ទូរទស្សន៍ចំនួន០១គ្រឿង -គ្រែដេកចំនួន០៤ – ទូរស័ព្ទដៃ០១គ្រឿង -ប្រាក់ដុល្លារចំនួន ៨០០ដុល្លារ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ