More

    មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ធ្វើយុទ្ធនាការកម្ពុជាស្អាត និងភោជនីយដ្ឋាន អាហារដ្ឋានគ្មានសម្រាមក្រោមតុ

    spot_img

    បាត់ដំបង៖ នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានដឹកនាំមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃមន្ទីរទេសចរណ៍ខេត្ត ចុះធ្វើយុទ្ធនាការ កម្ពុជាស្អាត និងអាហារដ្ឋានគ្មានសម្រាមក្រោមតុ នៅតាមបណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាននានា ក្នុងក្រុងបាត់ដំបង។

    លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានមានប្រសាសន៍ថា៖ ដោយមានការចង្អុលបង្ហាញ ពីរដ្ឋបាលខេត្ត លើការងារជម្រុញសកម្មភាពទីក្រុងស្អាត មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបង្កើតយុទ្ធនាការនេះឡើង ដើម្បីចុះណែនាំ និងជម្រុញដល់ម្ជាស់ ភោជនីយដ្ឋាន និងអាហារដ្ឋាននានាក្នុងក្រុងបាត់ដំបង ដោយចូលរួម ថែរក្សាអនាម័យ បរិស្ថាននៅតាមមូលដ្ឋានអាជីវកម្មរបស់ខ្លួន ពិសេសត្រូវរៀបចំអោយមានធុងសម្រាម អោយបានគ្រប់គ្រាន់នៅតាមគ្រប់តុ និងត្រូវបិទពាក្យស្លោក ណែនាំពីការទុកដាក់សម្រាមអោយបានត្រឹមត្រូវ។

    លើសពីនេះទៅទៀត ម្ចាស់ភោជនីយដ្នាន និងអាហារដ្ឋាន ត្រូវហ៊ានណែនាំ ដល់អតិថិជនរបស់ខ្លួនអោយទុកដាក់សម្រាម អោយបានត្រឹមត្រូវផងដែរ ព្រោះខេត្តយើងនេះគឺជាខេត្តទេសចរណ៍មួយ ដែលភ្ញៀវទេសចរណ៍ ក្នុងស្រុកមានការចាប់អារម្មណ៍ច្រើន ហើយយើងណាមិញខេត្តបាត់ដំបង គឺជាបណ្តុំនៃអតិថិជនភ្ញៀវទេសចរណ៍ទាំងអស់ ពេលល្ងាចគាត់អញ្ជើញមក គឺគាត់ស្នាក់នៅក្រុងបាត់ដំបង ដោយមួយចំនួនគាត់មកទទួលទានតាមអាហារដ្ឋានផ្សេងៗ ដូច្នេះទាមទារអោយអាហារដ្ឋានទាំងនោះស្អាត គ្មានថង់ស្លាកស្ទិច គ្មានកាកសំណល់ផ្សេងៗនៅក្រោមតុ។
    លោកប្រធានមន្ទីរបានបន្ថែមទៀតថា៖ យុទ្ធនាការបែបនេះនិងមានជាបន្តបន្ទាប់ទៀត ពីព្រោះថា បើក្រុងបាត់ដំបងយើងស្អាត ពិសេសនៅតាមភោជនីយដ្នាន និងអាហារដ្ឋាន មានអនាម័យ គ្មានសម្រាមក្រោមតុ និងទាក់ទាញបានភ្ញៀវទេសចរ ពិសេស ភ្ញៀវជាតិ មកលេងខេត្តបាត់ដំបង កាន់តែច្រើនឡើងថែមទៀត ។

    ជាមួយគ្នានេះលោកប្រធានក៍បាន កោតសរសើរដល់ម្ចាស់ភោជនីយដ្នាន និងអាហារដ្ឋាន ដែលកន្លងមក បានចូលរួមអនុវត្តយ៉ាងសកម្មតាមការណែនាំ របស់ក្រសួងទេសចរណ៍ ក៍ដូចជាមន្ទីរទេសចរណ៍ ហើយបានផ្តល់អនុសាសន៍មួយចំនួន លើចំណុចខ្វះខាត់ផងដែរ ដូច្នេះយើងចូលរួមទាំងអស់គ្នា ដើម្បីកម្ពុជាស្អាត និងអាហារដ្ឋានគ្មានសម្រាមក្រោមតុ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img