ភ្នំពេញ៖ បុរសម្នាក់បានបែកក្បាលស្លាប់ នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿង ត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកពីក្រោយ ដួលបោកនិងឃឿនស្ពានស្ពានពេញទំហឹង រួចបើករត់គេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង២០ និង ៣០ នាទីថ្ងៃទី០១ ខែកញ្ញាឆ្នាំ ២០២០ ស្ថិតនៅចំណុចលើស្ពានអាកាសព្រែកភ្នៅ តាមបណ្ដោយផ្លូវមហាវិថីឈ្នះ ឈ្នះ ភូមិកណ្ដាលសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។
ជនរងគ្រោះ(ស្លាប់)មានឈ្មោះ ញឹម គឹមលុយ ភេទប្រុស អាយុ៤៩ឆ្នាំ មានស្រុកកំណើត ភូមិចុងកោះសេះកើត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០០៥ មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1D-7738 ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តធុនធំមួយគ្រឿងមិនចាំម៉ាក បើកមកពីក្រោយបុកម៉ូតូពេញទំហឹង បណ្តាលឲ្យជនរងគ្រោះដួលបោក និងខឿនស្ពានបែកក្បាលស្លាប់ភ្លាមៗៗ នៅនឹងកន្លែងកើតហេតុ។ចំណែករថយន្តបង្កបាន បើករត់គេចខ្លួនបាត់ស្រម៉ោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល