កោះកុង៖ ស្នងការនគរបាលខេត្តកោះកុង ត្រូវបានប្រកាសប្តូរមុខតំណែង នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ នៅឯសាលមហោស្រព ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណអភិបាលខេត្តកោះកុង ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក លោកស្រី អភិបាលក្រុង ស្រុក និងកងកម្លាំងយ៉ាងច្រើនកុះករ។
បើតាមការប្រកាសនាព្រឹកមិញនេះ លោកឧត្តមសេនីយ៍ទោ សំយិត វៀន ស្នងការនគរបាលខេត្តកោះកុង ត្រូវបានប្រកាសផ្ទេរមុខតំណែង ទៅកាន់ជាអភិបាលរងខេត្តកោះកុងវិញ ចំណែកលោកឧត្តមសេនីយ៍ទោ គង់ មនោ មកពីរាជធានីភ្នំពេញ ត្រូវបានប្រកាសតែងតាំងចូលកាន់មុខតំណែងជាស្នងការ នគរបាលខេត្តកោះកុងជំនួសវិញម្តង។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ស្នងការនគរបាលខេត្តកោះកុងនេះ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ផ្តាំផ្ញើរថា នគរបាលត្រូវអនុវត្តន៍ទៅតាមបទបញ្ជា របស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់ក្រសួងមហាផ្ទៃ ដែលបានដាក់ជូន និងអនុវត្តន៍ ទៅតាមការប្តេជ្ញាចិត្តរបស់ខ្លួន ឲ្យមានតម្លាភាព និងគោរពច្បាប់ មិនត្រូវយកច្បាប់មកលេងសើចនោះទេ ហើយត្រូវអនុវត្តន៍តួនាទីរបស់ខ្លួន មិនត្រូវយកបុណ្យស័ក្កិ និងអំណាចមកអួតអាងនោះឡើយ។
ឯកឧត្តមបានថ្លែងបន្តថា លោកមានការសោកស្តាយណាស់ ដែលមន្ត្រីនគរបាលជាតិចំនួន៧រូប នៅខេត្តកំពង់ស្ពឺ ដែលអំណាចអួតអាង យកកាំភ្លើងមកបាញ់លេង ដែលជាទង្វើខុសច្បាប់ ធ្វើឲ្យមានការរិះគន់ ពីមហាជននាំឲ្យខូចឈ្មោះអង្គភាព ហើយឯកឧត្តម ក៏បានបញ្ជាឲ្យបញ្ជូនមន្ត្រីទាំងនោះ ទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ផងដែរ។
នាយឧត្តមសន្តិបណ្ឌិត បានលើកឡើងថា លោក គង់ មនោ ដែលត្រូវតែងតាំងជាស្នងការនេះ ធ្លាប់មានបទពិសោធន៍ដឹកនាំអស់រយៈពេល១០ឆ្នាំ ក្នុងអង្គភាពអន្តរាគមន៍ពិសេស នៅរាជធានីភ្នំពេញ ដូច្នេះគាត់អាចដឹងការងារច្រើន ក្នុងការអនុវត្តន៍ច្បាប់ឲ្យមានតម្លាភាព ក្នុងជួរអង្គភាពឲ្យមានវិន័យល្អ ក្នុងការបំរើប្រជាពលរដ្ឋ និងប្រទេសជាតិ។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បានបញ្ជាក់ថា ស្នងការ ស្នងការរង និងមន្ត្រីនគរបាលជាតិទាំងអស់ ត្រូវអនុវត្តន៍ក្រមសីលធម៌ គោរពអនុវត្តន៍តួនាទីរបស់ខ្លួន ត្រូវចេះរួមសាមគ្គីគ្នារក្សាភាពថ្លៃថ្នូរ ត្រូវចេះជួយគ្នាទៅវិញទៅ មក នៅពេលជួបបញ្ហាណាមួយ ត្រូវចេះរក្សាភាពផ្ទៃក្នុងឲ្យបានរឹងមាំ ត្រូវចេះជួយទុក្ខធុរៈប្រជាពលរដ្ឋ នៅពេលពួកគាត់ ជួបបញ្ហាណាមួយដែលកើតឡើង និងការពារភូមិឃុំឲ្យសុវត្តិភាពល្អ ពីព្រោះប្រទេសជាតិយើងមានសន្តិភាពល្អ មានការរីកចំរើនគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ រូបភាព និងអត្ថបទ៖ គន្ធី