បាត់ដំបង៖ ក្រោយកូនម្ចាស់ហាង (វិមានពរជ័យ) បង្ហោះសារតាមបណ្តាញសង្គមFacebook រិះគន់ លោក ហេង លុយ ព្រះរាជអាជ្ញា នៃមហាអយ្យកាអមសាលាឧទ្ធរណ៍ខេត្តបាត់ដំបង ដោយចោទថា បានធ្វើរបងខ្ពស់ហួសប្រមាណ បិតខ្យល់ចេញចូល ប៉ះពាល់ដល់បរិស្ថាន និងសោភណ្ឌភាពក្រុង ស្រាប់តែនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ ភរិយាលោក ហេង លុយ បានចេញមុខ ឆ្លើយតបភ្លាមៗថា ការធ្វើរបងនេះ មិនជាប់ពាក់ព័ន្ធនឹងស្វាមីរបស់អ្នកស្រីទេ។
អ្នកស្រី ខាត់ ចាន់ដាលីស មានទីលំនៅបច្ចុប្បន្នក្នុងភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ដែលត្រូវជាភរិយា លោក ហេង លុយ និងជាកូនស្រីម្ចាស់ផ្ទះ បានបំភ្លឺឆ្លើយតបនឹងគណនីFacebook ឈ្មោះ Rachana Ho ថា ការធ្វើរបងរបស់គាត់នេះ មិនជាប់ពាក់ព័ន្ធ នឹងប្តីរបស់អ្នកស្រី ដែលជាព្រះរាជអាជ្ញា ដូចការលើកឡើងដោយចោទប្រកាន់ របស់គណនីខាងលើនោះទេ។ អ្នកស្រីបានបញ្ជាក់ថា មូលដ្ឋានដែលការធ្វើរបងបែបនេះ គឺដោយសារតែ ហាង (វិមានពរជ័យ) នេះ គ្មានកន្លែងចុងភៅ ធ្វើម្ហូបត្រឹមត្រូវ មកដាក់ក្បែរជញ្ជាំងផ្ទះរបស់គាត់ សូម្បីតែចន្លោះបន្តិចក៏គ្មាន បង្កឲ្យមានផ្សែងហុយមកលើផ្ទះរបស់គាត់ និងមានចោលសំរាម ព្រមទាំងមានអ្នកផ្លោះរំលងរបង ចូលផ្ទះអ្នកស្រី ហើយពេលអ្នកស្រីប្រាប់ទៅម្ចាស់ហាង គេមិនមានវិធានការកែប្រែឡើយ ទើបអ្នកស្រីសម្រេចចិត្ត ធ្វើរបងឲ្យខ្ពស់ផុតដើម្បីបញ្ជៀសផ្សែង និងការពារសម្លេងរំខាន ព្រមទាំងការពារសុវត្ថិភាពខ្លួនឯងជាដើម។ អ្នកស្រីបន្តថា ផ្ទះខាងលើមិនមែនជារបស់លោក ហេង លុយ នោះទេ គាត់គ្រាន់តែអ្នកជួយមើលថែម ម្តងម្កាល ជំនួសឳពុកម្តាយ ដែលចាស់ៗ មិនមែនអាងអំណាចដូចការចោទប្រកាន់ឡើយ។ អ្នកស្រីបានបន្ថែមថា បើសិនខាងម្ចាស់ហាងព្រម រុះរើកន្លែងធ្វើម្ហូបជាប់របងផ្ទះ ដែលរំខាននោះចេញ ខាងអ្នកស្រីក៏យល់ព្រម រុះរើរបងខាងលើចេញដូចគ្នា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ មានគណនីបណ្តាញសង្គមមួយឈ្មោះ Rachana Ho ដែលគេស្គាល់ថា ជាស្រីម្ចាស់ហាង (វិមានពរជ័យ) បានបង្ហោះសារ រិះគន់ដោយចំៗ ទៅលើលោក ហេង លុយ ថា(លេាកព្រះរាជអាជ្ញា ហេងលុយ ចង់ធ្វេីរបងតកំពស់ណាទៀតទេីបសមចិត្ត???)







