More

    ពិធីសម្ភោធ ប្រគល់ទទួល អាគារសង្គ្រោះ បន្ទាន់-អាគារបោកគក់ និងរម្ងាប់មេរោគ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

    spot_img

     

    កោះកុង÷នៅថ្ងៃអង្គារទី១ ខែមិនា ឆ្នាំ២០២២ មន្ទីរពេទ្យបង្អែកខេត្តកោះកុងរៀបចំពិធីសម្ភោធ កាត់ខ្សែបូ ប្រគល់ទទួលដាក់ឱ្យប្រើប្រាស់នៅអាគារសង្គ្រោះបន្ទាន់-អាគារបោកគក់ និងរម្ងាប់មេរោគ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ក្រោមអធិ បតីភាព លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាល ខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត កោះកុង រួមដោយលោកស្រីអគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដោយ Mrs. Ureerat Chareontoh លោកហៃឡៃសុទ្ធ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងគណៈប្រតិភូថៃ រួមទាំងមន្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តកោះ កុង ។

    ថ្លែងនៅក្នុងពិធីប្រគល់ទទួល លោកស្រេង ហុង អភិបាលរង ខេត្ត បានលើកឡើងថា ជាការពិតណាស់ កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល រវាងខេត្ត កោះកុង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តត្រាត នៃព្រះរាជា ណាចក្រថៃឡង់ដ៍ បានចាប់ផ្ដើមមានឡើងជាយូរមកហើយ ពោលគឺតាំងពីសម័យសង្គមរាស្ត្រនិយមមកម៉្លេះ ។ កាលពី ឆ្នាំ១៩៩៤ ព្រះអង្គ ម្ចាស់ក្សត្រី មហាចក្រី សុរិនថន ព្រះរាជបុត្រីព្រះមហាក្សត្រ និងជាព្រះប្រធានកាកបាទក្រហមថៃ បានយាងមកបំពេញទស្សនកិច្ចជាផ្លូវការ នៅមន្ទីរពេទ្យខេត្តកោះកុង ដើម្បីសម្ពោដាក់ឱ្យប្រើប្រាស់នូវអគារវះកាត់ និងបំពាក់ឧបករណ៍ សម្ភារ:បរិក្ខារពេទ្យ នៅក្នុងអគាររបស់មន្ទីរពេទ្យ ដែលជាជំនួយរបស់កាកបាទក្រហមថៃ តាម រយៈមន្ទីរសុខាភិបាល ខេត្តត្រាត ដែលត្រូវបានធ្វើការជួសជុលរួចរាល់ឡើងវិញ បន្ទាប់ពីទទួល រងនូវការខូចខាត នៅក្នុងកំឡុងសម័យសង្គ្រាម ឆ្នាំ១៩៧៩ ។

    លោកអភិបាលបន្តថា ចាប់ពី ពេលនោះមក សកម្មភាព និងការជួយគាំទ្រជាច្រើនក្នុងវិស័យសុខាភិបាល បានកើតមានឡើងជាបន្តបន្ទាប់ និងនៅប៉ុន្មានឆ្នាំ ក្រោយនេះ ទាំងមុនពេល និងកំឡុងពេលនៃការឆ្លង រីករាល ដាលជាសាកល នៃវិបត្តិជំងឺកូវីដ-១៩ យើងឃើញថា មាននូវសមិទ្ធផលជាច្រើនដែល ភាគីថៃ (មន្ទីរសុខាភិបាលខេត្តត្រាត) បានរួមសហការផ្ដល់ឱ្យភាគីកម្ពុជា (មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង) ក្រោមជំនួយថវិកា ពីអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (TICA) ក្រសួងការបរទេស នៃព្រះរាជាណាចក្រថៃឡង់ដ៍ ដើម្បីពង្រឹង-ពង្រីក និងអភិវឌ្ឍន៍វិស័យសុខាភិបាល រវាងខេត្តជាប់ព្រំដែន (កោះកុង-ត្រាត) ឱ្យបានកាន់តែល្អប្រសើរឡើង ដែលជំ នួយ នៃកិច្ចសហប្រតិបត្តិការទាំងនោះ រួមមាន÷
    -នៅឆ្នាំ២០១០ បានជួយដល់មណ្ឌលសុខភាពអណ្តូងទឹក ស្រុកបូទុមសាទ រួមមាន ការជួសជុលអគារចាស់ ចំនួន០១ខ្នង សាងសង់ផ្លូវដើរ ប្រវែង១៥ម៉ែត្រ ភ្ជាប់ពីអគារចាស់ ទៅអគារថ្មី សង់រោងចតរថយន្ត ទំហំ៧ម៉ែត្រ គុណ ៨ ម៉ែត្រ សង់ផ្លូវបេតុងប្រវែង ១៦៩.៥ម៉ែត្រ ចូលទៅមណ្ឌលសុខភាព សង់អាងស្តុក ទឹក និងប្រព័ន្ធបូមទឹក ផ្តល់ម៉ា ស៊ីនភ្លើង ចំនួន០២ គ្រឿង និងរថយន្តសង្គ្រោះបន្ទាន់ ចំនួន ០១ គ្រឿង ។
    -នៅឆ្នាំ២០១៥ បានផ្តល់កុំព្យូទ័រយួរដៃ ចំនួន ០៥គ្រឿង ជូនមន្ទីរសុខាភិបាល នៃរដ្ឋបាល ខេត្តកោះ កុង ។
    -នៅឆ្នាំ២០១៧ បានធ្វើលំហាត់សមយុទ្ធរួមគ្នា ស្តីពីការជួយស ង្គ្រោះជនរងគ្រោះ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ទ្រង់ទ្រាយធំ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ។
    -នៅឆ្នាំ២០១៩ បានប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ០១គ្រឿង ជូនមន្ទីរពេទ្យខេត្តកោះកុង ។
    -បានបង្កើតវគ្គបណ្តុះបណ្តាលរួមគ្នា និងផ្ដល់ជាសម្ភារ:ផ្សេងៗទៀត ជូនដល់មន្ត្រី-បុគ្គលិកសុខាភិបាល ដើម្បីយកទៅពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែម ។
    ជាក់ស្ដែងណាស់ នៅថ្ងៃនេះ យើងបានទទួលនូវសមិទ្ធិផលថ្មីមួយទៀត គឺអគារសង្គ្រោះបន្ទាន់ដែលទើបនឹងសាងសង់រួចរាល់ ជាមួយនឹងអគារបោកគក់ និងសម្លាប់មេរោគ ក៏ទើបតែបានជួសជុល និងបំពាក់ឧបករណ៍ សម្ភារៈ រួចចប់សព្វគ្រប់ ដែលយើងទាំងអស់គ្នានៅទីនេះ កំពុងប្រារព្ធពិធីសម្ពោធដាក់អោយប្រើ ប្រាស់ជាផ្លូវការ នាពេលនេះ ។

    សមិទ្ធិផលថ្មីបន្ថែមទាំងនេះ ជាសក្ខីភាពបង្ហាញអោយឃើញពីចំណងទំនាក់ទំនងមិត្តភាពល្អ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ និងក្នុងនាមជាមន្ទីរពេទ្យដៃគូ (Sister Hospitals) រវាងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ (កោះកុង-ត្រាត)៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img