More

    វគ្គបំប៉នសមត្ថភាពស្រ្តី ជាថ្នាក់ដឹកនាំ ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តប៉ៃលិន

    spot_img

    ប៉ៃលិន ៖ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តប៉ៃលិន បានរៀបចំបើកវគ្គបំប៉នសមត្ថភាពស្រ្តីជាថ្នាក់ដឹកនាំ ក្រុង ស្រុក ឃុំ សង្កាត់ នៃ ខេត្ត ប៉ៃលិន ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មការកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងជាអភិបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត លោក លោកស្រីអភិបាលរងក្រុង ស្រុក ជាស្រ្តីទាំង២ នាព្រឹក ថ្ងៃសុក្រ ទី ១៨ ខែកុម្ភៈ ឆ្នាំ២០២២នៅសាលប្រជុំធំ មន្ទីរ កិច្ចការ នារី ខេត្តប៉ៃលិន ។

    ក្នុងវគ្គបំប៉ននោះ លោក ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានធ្វើការកោដសរសើរ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកជំទាវអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលបានសហការជាមួយ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តប៉ៃលិន ក្នុងការបើកវគ្គបំប៉នពង្រឹងសមត្ថភាពស្ត្រីថ្នាក់ដឹកនាំដើម្បីស្វែងយល់បញ្ហាពាក់ព័ន្ធ និងវឌ្ឍនភាពការងារនិងស្វែងយល់ពីចរិកលក្ខណៈដែលមាន សក្ដានុពល ក្នុងការដឹកនាំគ្រប់គ្រងឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ និងការប្ដេជ្ញាចិត្តក្នុងការបំពេញតួនាទី និងភារកិច្ចដែលបានកំណត់ដោយច្បាប់ និងចូលរួមផ្សព្វផ្សាយប្រយុទ្ធប្រឆាំងការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។

    លោកជំទាវ អភិបាលខេត្តបានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវសិក្សាស្វែងយល់ពីរគ្រូឧទេ្ទសដើម្បីត្រូវហ៊ានសួរនូវចម្ងល់ឬចំណុចណាមួយដែលយើងមិនទាន់ច្បាស់ និងពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមកឲ្យបានផុសផុលដើម្បីចូលរួមសហការគ្នាក្នុងការបំពេញភារកិច្ច និងរួមចំណែកក្នុងដំណើរការពង្រឹងវិសហមជ្ឈការ និងវិមជ្ឈការនៅថ្នាក់ក្រោមជាតិ និងការអនុវត្តជាក់ស្ដែងនៅតួនាទីរបស់យើងគ្រប់ៗគ្នា។

    ថ្លែងក្នុងឱកាសនោះលោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍ ដោយបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង លើគោលនយោបាយជាតិបានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពសំដៅលើកកម្ពស់សមភាពយេនឌ័រលើកស្ទួយស្ថានភាពស្ត្រីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចសង្គមជាតិ និងជាកម្លាំងចលករដ៏មានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ។

    ចុងបញ្ចប់លោកជំទាវ ជូ ប៊ុនអេង បានធ្វើការផ្តាំផ្ញើដល់ស្រ្តីជាថ្នាក់ដឹកនាំ ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តប៉ៃលិន ទាំងថ្មី និងចាស់ គឺត្រូវបន្ត នូវប្រពៃណីដឹកនាំ ដ៏ល្អរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នឹងត្រូវខិតខំធ្វើការងារបំរើប្រជាជន បង្កើនសមត្ថភាព ប្រជាប្រិយភាព របស់ខ្លួនបន្ថែម ទៀត ដើម្បីទាក់ទាញទឹកចិត្ត របស់ប្រជាជនមកគាំទ្រលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបន្ត។ ជាពិសេស គឺត្រូវបង្ហាញនូវសមត្ថភាព ចំណេះដឹង បទពិសោធន៍ ដើម្បីបំរើប្រជាពលរដ្ឋឲ្យល្អ៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img