More

    អភិបាលខេត្តបាត់ដំបង ហាមមន្ត្រីមិនឲ្យឃុបឃិតបញ្ចូល ឈ្មោះបងប្អូនកូនក្មួយមិនមែនក្រីក្រ ដាក់ឲ្យទទួលប្រាក់ឧបត្ថម្ភ

    spot_img

    បាត់ដំបង៖ ក្នុងកិច្ចប្រជុំ បូកសរុបរបាយការណ៍ប្រចាំឆ្នាំ២០១៩ និងប្រចាំឆមាសទី១ ឆ្នាំ២០២០ ស្តីពីការឣនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព និងពិធីផ្តល់ប័ណ្ណសរសើរ និងលិខិតសរសើរជូនដល់រដ្ឋបាល ឃុំសង្កាត់ នៅសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបងបានថ្លែងថា! ដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាពក្នុងការផ្តល់សេវា សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ សូមអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសអ្នកអនុវត្តផ្ទាល់នៅតាមឃុំ សង្កាត់ ត្រូវផ្តោតការយកចិត្តទុកដាក់ បំពេញការងារនេះឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត ចៀសវាងដាច់ខាតនូវ ការឃុបឃិតគ្នាដាក់បញ្ចូលសាច់ញាត្តិ បងប្អូនកូនក្មួយខ្លួនឯង ដែលមិនមែនជាគ្រួសារក្រីក្រនឹងងាយរងគ្រោះ ពិតប្រាកដដើម្បីទទួល បាននូវប្រាក់ឧបត្ថម្ភនេះ។

    បន្ថែមពីនេះឯកឧត្តមក៏បានផ្តាំផ្ញើដល់ ឣភិបាលក្រុង ស្រុក មេឃុំចៅសង្កាត់ ឱ្យយកចិត្តទុកដាក់ចូលរួម “កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារ ផលប៉ះពាល់នៃជំងឺកូវីដ-១៩” ដែលការងារនេះគឺត្រូវពឹងផ្អែក ស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ដែលត្រូវតែធ្វើអោយបានច្បាស់លាស់ និងហ្មត់ចត់បំផុត។

    ជាមួយគ្នានេះដែរ ឯកឧត្តមក៏សូមសំណូមពរ អោយខាងរដ្ឌបាលជួយយកចិត្តទុកដាក់ពន្យល់ ដល់ពលរដ្ឋអោយបានយល់ អំពីលុយគោលនយោបាយមានខែនេះ បានខែនោះអត់បាននេះដោយសារជំងឺកូវីដ ហើយបើជំងឺកូវីដរំសាយទៅ និងបានហើយ ដូច្នេះយើងត្រូវពន្យល់ពួកគាត់អោយយល់អំពី គោលបំណងរបស់រាជរដ្ឋាភិបាល និងកម្មវិធីដែលអនុវត្តជាក់ស្តែង។

    និងមួយវិញទៀតសូមផ្តាំផ្ញើរ ដល់រដ្ឋបាលយើងទាក់ទងទៅ និងពង្រឹងការអនុវត្តច្បាប់ បងៗមេឃុំជៀសវាងធ្វើម៉ិចអោយ បានក្នុងការអនុវត្តភារកិច្ច របស់ខ្លួនលើសមត្ថកិច្ច ដែលច្បាប់កំណត់ ដូច្នេះសូមយល់អំពីបញ្ហានេះ ជៀសវាងការបំរើប្រជាពលរដ្ឋលើសអ្វី ដែលច្បាប់បានប្រគល់អោយ ជាពិសេសជាមួយការសម្រេចចិត្ត ទៅវាធ្វើអោយកើតឡើងនូវទំនាស់ ហើយការកើតមានទំនាស់វាធ្វើអោយប៉ះពាល់ សណ្តាប់ធ្នាប់សាធារណៈដូចភូមិ ឃុំ មានសុវត្ថិភាពអញ្ចឹងដែរ។

    គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត គណៈអភិបាលខេត្ត សាលាដំបូងខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក អធិការនគរបាលក្រុង ស្រុក ទីបញ្ជាការកងរាជអាវុធខេត្ត ក្រុង ស្រុក មេឃុំ ចៅសង្កាត់ ប៉ុស្តិ៍នគរបាលឃុំសង្កាត់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img