More

    ប្រជាពលរដ្ឋក្នុងភូមិមនោសុខ ឃុំតាកែន ស្រុកឈូក ប្រតិកម្មយ៉ាងខ្លាំងករណីក្រុមទាហានង៧០ ហាមឃាត់មិនឲ្យពួកគាត់ធ្វើចម្ការ និងចាប់យកគ្រឿងចក្រពលរដ្ឋ

    spot_img

    កំពត៖ ក្រុមទាហានង៧០ ដែលឈរជើងតំបន់ភ្នំធំ និងវាលចំបក់ ត្រូវបានប្រជាពលរដ្ឋ រិះគន់យ៉ាងខ្លាំង ករណីបោះបង្គោលយកដីចម្ការពលរដ្ឋ និងមិនឲ្យពលរដ្ឋធ្វើដំណាំក្នុងចម្ការ ខណៈដែលដំណាំមានអាយុកាល ជាង១០ឆ្នាំមកហើយ ង៧០ទើបតែមកឈរជើងក្រោយ ពលរដ្ឋតែប៉ុណ្ណោះ តែបែរជាហានបោះបង្គោលកាត់ដំណាំរបស់គេ ហើយហ៊ានហាមឃាត់ម្ចាស់គេថែមទៀត។

    បើយោងតាមប្រជាពលរដ្ឋដែលជាអ្នកធ្វើចម្ការ រស់នៅភូមិមនោសុខ ឃុំតាកែន ស្រុកឈូក ខេត្តកំពត បាននាំគ្នាលើកឡើងថា ដីចម្ការដំណាំរបស់គាត់នៅតំបន់ខាងលើ ត្រូវបានទាហានង៧០ចូលបោះបង្គោលកាត់ដំណាំតែម្តង នៅក្នុងឆ្នាំ២០២០ ខណៈដែលដំណាំរបស់ពួកគាត់ មានអាយុកាលជាង១០មកហើយ និងដាំលើដីចាស់ដែលពួកគាត់កាន់កាប់ តាំងពីឆ្នាំ១៩៩៧មកម្លេះ ដោយមានទាំងអាជ្ញាធរមូលដ្ឋានដឹងឮ និងមានឯកសារបញ្ជាក់សិទ្ធិកាន់កាប់ថែមទៀត តែនៅតែត្រូវបានក្រុមទាហានង៧០ ចូលបោះបង្គោលដោយមិនឲ្យពួកគាត់ដឹង ហើយហាមមិនឲ្យពួកគាត់ឈូសឆាយស្មៅ និងព្រៃរបោះក្នុងដំណាំ ព្រមទាំងហ៊ានប្រើហិង្សាលើពួកគាត់ និងហ៊ានចាប់យកគ្រឿងចក្រ ដោយទាហានមកបើកយកទៅខ្លួនឯងផ្ទាល់តែម្តង។

    ប្រជាពលរដ្ឋបានលើកឡើងបញ្ជាក់ថា កាលពីមិនទាន់មានវត្តមានក្រុមទាហានង៧០ មកឈរជើងតំបន់នេះ ពួកគាត់ដែលជាអ្នកចម្ការ មានភាពស្រណុកសុខស្រួល ក្នុងការដាំដុះ ថែរទាំដំណាំក្នុងវិស័យកសិកម្ម និងបានប្រមូលផលពីការដាំដុះជាហូរហែរ ចាប់តាំងពីមានវត្តក្រុមទាហានមក គឺមានទំនាស់ជាមួយពួកគាត់ដែលជាអ្នកចម្ការជាញឹកញាប់ រហូតមកដល់សព្វថ្ងៃពួកគាត់ មានការលំបាកយ៉ាងខ្លាំង ដោយសារក្រុមទាហានហាមមិនឲ្យ ចូលទៅធ្វើចម្ការឲ្យបានស្រួលដូចមុនឡើយ ដោយក្រុមទាហានចោទពលរដ្ឋថា ពលរដ្ឋយកដីង៧០មកធ្វើចម្ការ តែតាមពិតង៧០ទៅវិញទេ ដែលជាអ្នកយកដីចម្ការពលរដ្ឋ ពីព្រោះថាមើលតាមវ័យដំណាំដាំដុះ ដែលមានអាយុកាលជាង១០ឆ្នាំ ប្រាកដជាដឹងយ៉ាងច្បាស់។

     ក្រុមប្រជាពលរដ្ឋដដែលបានបញ្ជាក់ថា  ចាប់តាំងពីក្រុមទាហានស្ពាយកាំភ្លើងជ្រោងច្រាង ចូលមកហាមឃាត់ពលរដ្ឋមិនឲ្យឈូសឆាយស្មៅ និងព្រៃរបោះក្នុងគុម្ពដំណាំដែលមានស្រាប់នេះ វាបានធ្វើឲ្យដំណាំរបស់ពួកគាត់មួយចំនួនធំខូច និងត្រូវបានភ្លើងឆេះជាញឹកញាប់ក្នុង១ឆ្នាំៗ បណ្តាលឲ្យខូចនិងងាប់ដំណាំអស់ជាច្រើនដើម ដោយគ្មានអ្នកទទួលខុសត្រូវ។ ប្រជាពលរដ្ឋបាននិយាយថា ពេលពួកគាត់កំពុងឈូសឆាយស្មៅ និងព្រៃរបោះក្នុងដំណាំ ដឹងតែមានក្រុមទាហានចុះមកឃាត់ភ្លាម និងគម្រាមគ្រប់បែបយ៉ាង ពេលពលរដ្ឋសួរថាដំណាំរបស់គាត់ជាដំណាំចាស់យូរហើយ ហេតុអ្វីមិនអាចធ្វើបាន ក្រុមទាហានប្រាប់ពលរដ្ឋថាមេមិនឲ្យធ្វើ ចង់ធ្វើទៅសុំមេគាត់សិន តែពេលពលរដ្ឋសួរថាមេរបស់គាត់ជានរណា ពួកគាត់ឆ្លើយថាមិនដឹង សូម្បីតែឈ្មោះ និងលេខទូរស័ព្ទរបស់មេក៏មិនប្រាប់ពលរដ្ឋឲ្យដឹងដែរ ទើបធ្វើឲ្យទំនាស់ដែលកើតឡើងកន្លងមកគ្មានដំណោះស្រាយ។

    បើតាមប្រភពពីប្រជាពលរដ្ឋដែលជាអ្នកចម្ការ បានបញ្ជាក់ថា ក្រុមទាហានដែលឈរជើងតំបន់ង៧០នេះ ហាមឃាត់បានតែប្រជាពលរដ្ឋតូចតាចតែប៉ុណ្ណោះ ចំពោះដីចម្ការរបស់ឯកឧត្តមមួយចំនួន ដែលនៅចន្លោះសងខាងដីដំណាំរបស់ពលរដ្ឋ បែរជាគ្មានហ៊ានបោះបង្គោលចូលរបស់គេទាល់តែសោះ ធ្វើឲ្យប្រជាពលរដ្ឋមានការសង្ស័យថា ជាការប្រព្រឹត្តអំពើពុករលួយបែបបក្ខពួកនិយម។

    យ៉ាងណាក៏ដោយក្រុមប្រជាពលរដ្ឋ មិនចង់ដេញដោលរឿងអំពើពុករលួយរបស់ក្រុមទាហានង៧០នេះទេ គ្រាន់តែចង់ឲ្យមេៗដែលជាអ្នកបញ្ជាពីក្រោយខ្នងនោះ មានការយល់យោគជាមួយពលរដ្ឋ ដែលជាម្ចាស់ចម្ការ  ដែលគេមានដំណាំដាំដុះជាក់ស្តែង ឈប់ហាមឃាត់ពលរដ្ឋ ព្រោះពលរដ្ឋពឹងផ្អែកលើរបស់កសិកម្មនេះ។

     ករណីដ៏ជម្រោងជម្រាសរវាងម្ចាស់ចម្ការនិងទាហានង៧០នេះ ប្រជាពលរដ្ឋបាននាំគ្នាសំណូមពរឲ្យអភិបាលខេត្តកំពត និងថ្នាក់ដឹកនាំមេត្តាជួយសម្របសម្រួល និងដោះស្រាយវិវាទនេះជូនពលរដ្ឋផង ព្រោះពលរដ្ឋមិនចង់បាត់បង់ដីចម្ការដំណាំដែលខំដាំដុះ កំពុងតែផលនេះទេ។

    សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០២១ថ្មីៗនេះ ក្រុមប្រជាពលរដ្ឋ បានបញ្ជាក់ថា ក្រុមទាហានង៧០ ប្រដាប់ដោយកាំភ្លើងជ្រោងច្រាង បានចូលចម្ការពលរដ្ឋហាមឃាត់គ្រឿងចក្រដែលគេកំពុងឈូសស្មៅ និងព្រៃរបោះជុំវិញដំណាំតាង៉ែន និងចេក ដែលជាដំណាំចាស់មានស្រាប់ ហើយប្រើហិង្សាលើអ្នកបើកបរត្រាក់ទ័រ ព្រមទាំងបង្ខំបើកយកទៅដោយខ្លួនឯងតែម្តង ធ្វើឲ្យផ្អើលអស់មហាជនដែលបានឈរមើលកុះករ នៅចំណុចមុខក្លោងទ្វាផ្លូវបំបែកវត្តរលៀង ដែលជាទង្វើមួយធ្វើឲ្យមហាជនសម្តែងការហួសចិត្តយ៉ាងខ្លាំង ខណៈដែលក្រុមង៧០មកធ្វើដីក្រោយពលរដ្ឋហើយ បែរជាហ៊ានចាប់គ្រឿងចក្រគេថែមទៀត ទាំងដីចម្ការពលរដ្ឋគេមានឯកសារត្រឹមត្រូវដែលទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋាន តាំងពីយូឆ្នាំមកហើយ។

    ករណីនេះមេភូមិនិងក្រុមប្រឹក្សាឃុំតាកែន ក៏បានទទួលស្គាល់ថា ដីដែលពលរដ្ឋកំពុងធ្វើការឈូសឆាយ បង្កបង្កើនផល ដែលកំពុងតែត្រូវបានង៧០ហាមឃាត់នេះ គឺពិតជាដីរបស់ប្រជាពលរដ្ឋ ដែលគាត់បានអាស្រ័យផលកាន់កាប់ និងដាំដុះជាក់ស្តែង មានដំណាំសព្វគ្រប់ពិតប្រាកដមែន មិនមែនឈូសឆាយឬធ្វើដីព្រៃថ្មីនោះទេ ហើយការឈូសឆាយបែបនេះ គឺដើម្បីការពារកុំឲ្យភ្លើងឆេះដំណាំដូចរាល់ដង។

    យ៉ាងណាក៏ដោយករណីនេះ អង្គភាពយើងមិនទាន់អាចស្វែងរកការបំភ្លឺពីអង្គភាពង៧០ដែលឈរជើងតំបន់ឃុំតាកែននេះបាននៅឡើយទេ ដោយសារមិនមានប្រភពផ្តល់ការទំនាក់ទំនងឲ្យ។

    spot_img

    អត្ថបទទាក់ទង

    spot_img