More

    ក្រុមអ្នកលេងល្បែងជល់មាន់ នៅខេត្តកែបព្រួតគ្នាវាយអ្នកសារព័ត៌មាន ហើយបង្វែររឿងទៅជាគ្រោះថ្នាក់ចរាចរណ៍

    spot_img

    កែប៖ ក្រុមអ្នកសារព័ត៌មានខេត្តកែប បានសំដែងការខកចិត្ត និងសូមឲ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ជួយ ករណី ដែលក្រុមអ្នកលេងល្បែងស៊ីសង ព្រួតគ្នាវាយលើអ្នកកាសែត ដោយសារខឹងអ្នកកាសែត ថតផ្សាយផ្ទះរបស់ពួកគេមានលេងល្បែង ខណៈដែលបទល្មើសជាក់ស្តែង រឿងព្រួតវាយអ្នកកាសែតនេះ ត្រូវបានគេបង្វែរសំណុំរឿង ទៅជាគ្រោះថ្នាក់ចរាចរណ៍វិញ ដោយទុកឲ្យក្រុមជនដៃដល់ នៅដើរហើសេរីតាមអំពើចិត្ត។

    លោក ហង្ស សុភាព ដែលជាភ្នាក់ងារសារព័ត៌មាន១រូប រស់នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានរៀបរាប់ឲ្យដឹងថា មានប្រជាពលរដ្ឋ បានរាយការណ៍មករូបលោក ករណីមានការប្រផ្តុំគ្នាលេងល្បែងជល់មាន់ តាមទូរទស្សន៍ នៅចំណុចផ្ទះឈ្មោះ បូ រ៉ាមី កូន ថាច់ សំបូរ ដែលល្មើសនឹងបំរាមរបស់រាជរដ្ឋាភិបាល ស្របពេលដែលការរាតត្បាតនៃជំងឺកូវីដ១៩ ក៏កំពុងតែកើតមានខ្លាំង ដោយកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ រូបលោកបានចុះទៅដល់ទីតាំងនោះផ្ទាល់ ឃើញមានរថយន្ត និងម៉ូតូជាច្រើនគ្រឿង ដោយមានម្ចាស់នៅខាងក្នុង បាំងជញ្ជាំងជិតកំពុងហូរកញ្ច្រៀវ ជាមួយល្បែងជល់មាន់តាមកញ្ចក់ទូរទស្សន៍ រូបលោកក៏បានថតយកមកផ្សាយ។ ស្រាប់តែនៅរសៀលថ្ងៃទី២២ ខែឆ្នាំដដែលនេះ មានកូនប្រសារស្រីម្នាក់ឈ្មោះ ហង្ស សោភា បានមករករឿងឈ្លោះ និងបង្ករឿងជាមួយរូបគាត់ដល់ផ្ទះ ហើយក៏បានឡើងម៉ូតូជិះគេចចេញយ៉ាងលឿនដូចហោះ នៅពេលដែលរូបគាត់យកទូរស័ព្ទតាមថត។ លោក ហង្ស សុភាព បានបញ្ជាក់ថា មួយសន្ទុះក្រោយ គ្រាដែលលោកបើករថយន្ត ចេញពីកន្លែងកើតហេតុ ហើយចូលមកវិញស្រាប់តែរថយន្ត ចំនួន២គ្រឿងបើកតាមលោកពីក្រោយ ១គ្រឿងបើកបរដោយឈ្មោះ ថាច់ សំបូរ ដែលគេស្គាល់ថា ជាឪពុកម្ចាស់ផ្ទះ និង១គ្រឿងទៀតស្លៀកពាក់ខៅប៉ារ៉ាទាហាន ខណៈដែលលោកកំពុងបត់រថយន្តថយក្រោយ ក៏ស្រាប់តែឈ្មោះ ថាច់ សំបូរ បើករថយន្តបន្ថែមល្បឿន បុករថយន្តលោកតែម្តង ធ្វើដោយចេតនាបង្ករឿង ហើយក៏ទាញរូបលោកចេញពីរថយន្ត ព្រួតគ្នាវាយលោកតែម្តង រហូតពេលផ្អើលឆោឡោដល់អ្នកជិតខាង និងប្រពន្ធលោករត់មកដល់ ទើបអ្នកទាំងអស់គ្នាឈប់ ហើយបែរជាបង្វែររឿងទៅជាគ្រោះថ្នាក់ចរាចរណ៍វិញ ហើយចោទរូបលោកថា បើកឡានបុកគេ និងរកវាយគេថែមទៀត។

    លោក ហង្ស សុភាព បានបញ្ជាក់ថា អ្នកដែលដៃដល់ក្នុងការវាយរូបលោក គឺមានចំនួន៣នាក់ឈ្មោះ ថាច់ សំបូរ និងឈ្មោះ បូ រ៉ាមី និង បូ រ៉ាម៉ន ដែលត្រូវជាកូន ព្រមទាំងអ្នកហែរហមចាំធ្វើកាយវិការគម្រាម និងសំឡុតជាច្រើននាក់ផ្សេងទៀត ដែលលោកពុំស្គាល់ឈ្មោះ តែមានអ្នកថតបានសកម្មនេះទាំងអស់។អ្នកកាសែតរូបនេះដដែល បានបញ្ជាក់ទៀតថា ក្នុងនាមលោកជាអ្នកសារព័ត៌មាន១រូប ដែលធ្លាប់តែធ្វើកិច្ចការ ដើម្បីប្រយោជន៍សង្គម និងប្រជាជនទូទៅ លោកមានការសោកស្តាយ និងឈឺចាប់ខ្លាំង ខណៈដែលក្រុមអ្នកលេងល្បែងខាងលើ អាចប្រព្រឹត្តបទល្មើសបានផ្ទួនៗ ដូចជាល្មើសនឹងបម្រាម ដែលហាមមិនឲ្យជួបជុំគ្នាច្រើន ល្បើសនឹងច្បាប់ស្តីពីការហាមមិនឲ្យបើកល្បែងស៊ីសង និងជាពិសេស គឺការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ដោយព្រួតគ្នាវាយមកលើរូបលោក ដែលជាបទល្មើសជាក់ស្តែង អាចមានស្ថានទម្ងន់ទោស។ ខណៈដែលអស់រយៈពេល៤ទៅ៥ថ្ងៃមកហើយ បទល្មើសជាក់ស្តែងនេះ នៅមិនទាន់មានការដោះស្រាយនៅឡើយ។

    លោក ហង្ស សុភាព ដែលជាអ្នកសារព័ត៌មាន បាននិយាយថា បើទោះបីជាអំពើហិង្សាដែលកើតមានលើរូបលោក កើតចេញពីរឿងគ្រោះថ្នាក់ចរាចរណ៍ ឬរឿងផ្សាយព័ត៌មានក៏ដោយ ក៏ភាគ្គីខាងលោក ថាច់ សំបូរ គួរតែដោះស្រាយជាមួយ រូបលោកតាមផ្លូវច្បាប់ដែរ បើសិនជាលោកផ្សាយព័ត៌មានខុស លោកនឹងទទួលខុសត្រូវទៅតាមច្បាប់ស្តីពីរបបសារព័ត៌មាន ហើយបើសិនជាលោកបើករថយន្តខុស ទៅបុករថយន្តរបស់លោក ថាច់ សំបូរ មែននោះ ក៏លោកព្រមទទួលសងថ្លៃការខូចខាតដែរ ចុះហេតុអ្វីបានជានាំគ្នាមកព្រួតវាយលោក អាងតែអំណាច និងកម្លាំងបាយ ធ្វើដូចជាក្នុងប្រទេសគ្មានច្បាប់យ៉ាងដូច្នេះ។ លោក ហង្ស សុភាព ថាលោកនឹងហ៊ានស្បថគ្រប់បែបយ៉ាង បើសិនលោក ថាច់ សំបូរ មិនទទួលស្គាល់ការពិត រឿងព្រួតគ្នាវាយរូបលោក និងរឿងលេងល្បែងមាន់ជល់នេះ។

    ទាក់ទងជម្លោះដែលបង្កជាអំពើហិង្សានេះ លោក ថាច់ សំបូរ ដែលគេស្គាល់ថា ជាអ្នកធ្លាប់ល្បីខាងវិស័យបក្សីកីឡា អង្គភាពយើងមិនអាចសុំការបំភ្លឺ ពីលោកបាននៅឡើយទេ ជុំវិញការលើកឡើងទាំងនេះ ដោយសារគ្មានប្រព័ន្ធទំនាក់ទំនងបាន។ ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះ លោកបានផ្តល់បទសម្ភាសន៍ ឲ្យក្រុមអ្នកសារព័ត៌មានក្នុងស្រុកថា លោកមិនបានវាយឈ្មោះ ហង្ស សុភាព ទេថ្ងៃកើតហេតុនោះ លោកថាជាករណីគ្រោះថ្នាក់ចរាចរណ៍។ លោក ថាច់ សំបូរ បានទទួលស្គាល់ថា រូបលោកពិតជាអ្នកលេងល្បែងពិតមែន តែលោកបានឈប់ហើយ។

    ពាក់ព័ន្ធទៅនឹងករណី ជម្លោះរវាងក្រុមអ្នកសារព័ត៌មាន ជាមួយនឹងក្រុមអ្នកលេងល្បែងនេះ ស្នងការនគរបាលខេត្តកែប លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ បានបកស្រាយថា កន្លងមកទីតាំងផ្ទះឈ្មោះ ថាច់ សំបូរ ពិតជាធ្លាប់ល្បីមានលេងល្បែងមាន់ជល់តាមទូរទស្សន៍បែបនេះមែន តែលោកក៏បានបញ្ជាឲ្យកម្លាំងស្រុក ចុះទៅណែនាំ និងធ្វើកិច្ចសន្យាម្តងរួចមកហើយ។ ចំពោះរឿងជម្លោះវាយអ្នកកាសែតនេះ លោកមិនបានដឹងលម្អិតទេ កំពុងឋិតក្នុងដំណើរការនីតិវិធីរបស់សត្ថកិច្ច។

    ជាមួយគ្នានេះ ស្នងការដ្ឋាន នគរបាលខេត្តកែប ក៏បានចេញសេចក្តីបំភ្លឺ ផងដែរថា នៅផ្ទះខាងលើ គ្រាន់តែជាកន្លែងលក់បាយកាហ្វេ និងភេសជ្ជៈ មិនមែនជាកន្លែងមានមាន់ជល់តាមទូរទស្សន៍ ដូចអ្នកកាសែតផ្សាយឡើយ។

    យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមួយចំនួននៅមូលដ្ឋានខាងលើ នៅតែអះអាងថាទីតាំងខាងលើ ពិតជាកន្លែងមានលេងល្បែងពិតមែន គ្រាន់តែបាំងជិតមិនអាចមើលពីក្រៅឃើញ ហើយជាកន្លែងបើកលេងយូ គ្មានដែលសមត្ថកិច្ចបង្ក្រាបបាននោះឡើយ ព្រោះថាពេលសមត្ថកិច្ចមកដល់ មានអ្នកឲ្យដំណឹងមុន មនុស្សក៏ចេញបាត់អស់ ទូរទស្សន៍ក៏លែងមានប៉ុស្តិ៍មាន់ជល់៕ រូបភាព និងអត្ថបទ៖ fk news

    spot_img

    អត្ថបទទាក់ទង

    spot_img