កែប៖ ប្រជាពលរដ្ឋ១គ្រួសាររស់នៅ ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានសំណូមពរឲ្យអភិបាលខេត្តកែប ក៏ដូចជាថ្នាក់ដឹកនាំ ជួយអន្តរាគមន៍ ករណីនគរបាលខេត្តកែបស័ក្ត៤កន្លះម្នាក់ ធ្វើអាជ្ញាប័ណ្ណកាយយកដីលក់ ចំលើដីពួកគាត់អាស្រ័យផល។
ពលរដ្ឋឈ្មោះ អ្នកស្រី ឯម វណ្ណា អាយុ៦៤ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ បានអះអាងចំពោះមុខក្រុមអ្នកសារព័ត៌មានថា ដីចម្ការរបស់អ្នកស្រីដែលធ្លាប់បានអាស្រ័យ មានដំណាំដាំដុះជាយូមកហើយ ដែលស្ថិតនៅតំបន់ជើងភ្នំព្រះ ក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ត្រូវបានមន្ត្រីនគរបាលខេត្តកែបម្នាក់ ដែលមានឈ្មោះ ខុន មុន្នីឧត្តម ធ្វើអាជ្ញាប័ណ្ណកាយយកអាចម៏ដី នៅលើដីរបស់គាត់ យកទៅធ្វើអាជីវកម្មផ្ទាល់ខ្លួន ដោយគ្មានការដោះស្រាយជាមួយរូបគាត់ឡើយ។ អ្នកស្រី ឯម វណ្ណា បានបញ្ជាក់ទៀតថា អ្នកស្រីបានទិញដីខាងលើ ដែលមានដំណាំស្រាប់ ព្រមទាំងបន្តដាំដុះអាស្រ័យផលបន្ថែម ជាយូមកហើយ និងបានធ្វើរបងព័ទ្ធថែមទៀត តែពេលថ្មីៗនេះ ស្រាប់តែមានមន្ត្រីនគរបាលម្នាក់ពាក់ស័ក្ត៤ ដែលមានឈ្មោះ ខុន មុន្នីឧត្តម បានដាក់គ្រឿងចក្រ ចូលកាយយកអាចម៏ដីលក់តែម្តង ធ្វើឲ្យអ្នកស្រីបាត់បង់ដី និងមិនអាចចូលទៅអាស្រ័យផល នៅលើដីបានងាយស្រួលដូចមុនទៀតឡើយ ដោយសារជុំវិញសុទ្ធតែជាផ្លូវ និងការដ្ឋានរបស់ពួកគាត់គេ។ អ្នកស្រីមានតែសុំការសំណូមពរ ឲ្យអាជ្ញាធរខេត្តកែប ជួយដោះស្រាយតែប៉ុណ្ណោះ ព្រោះអស់រយៈពេលជាច្រើនថ្ងៃមកហើយ ម្ចាស់អាជ្ញាប័ណ្ណខាងលើ មិនបានដោះស្រាយជាមួយរូបគាត់ឡើយ។
ពាក់ព័ន្ធនឹងការលើកឡើងបែបនេះ លោកវរសេនីយ៌ទោ ខុន មុន្នីឧត្តម បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកមានអាជ្ញាប័ណ្ណសម្រាប់កាយដីជាង៥ហិចតា ឈ្មោះ SDS F.A.M លោកថាករណីនេះ អាស្រ័យលើមន្ត្រីជំនាញ និងអាជ្ញាធរជាអ្នកដោះស្រាយ។
ចំពោះករណីនេះ លោក យស មុន្នី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកែប បានមានប្រសាសថា សាច់រឿងនេះដោយសារតែ ដីតំបន់ខាងលើ ឋិតនៅក្នុងគម្របព្រៃឈើរបស់រដ្ឋ មិនមានប័ណ្ណកម្មសិទ្ធិ ដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ ទើបក្រុមហ៊ុនស្នើរសុំដីរដ្ឋធ្វើអាជីវកម្ម។ លោកថាករណីមានទំនាស់បែបនេះ ជាបន្ទុករបស់អាជ្ញាធរជាអ្នកដោះស្រាយ។
ជាមួយគ្នានេះលោក តូច សាម៉ន ចៅសង្កាត់ព្រៃធំ បានឲ្យដឹងថា ដីខាងលើគឺពិតជាអ្នកស្រី ឯម វណ្ណា បានទិញ និងអាស្រ័យផលពិតមែន តាំងពីយូមកហើយ ក៏ប៉ុន្តែលោកមិនបានដឹងថា ហេតុអ្វីបានជាកាលក្រុមការងារ ចុះវាស់វែងចេញប័ណ្ណកម្មសិទ្ធិ បែរជាមិនបានវាស់ជូនគាត់។ លោកថាចំពោះអាជ្ញាប័ណ្ណ គឺធ្វើលើដីរដ្ឋ តែបើកាយប៉ះដីដំណាំពលរដ្ឋបែបនេះ ក៏គួរតែដោះស្រាយគ្នាសិនដែរ។
គួរបញ្ជាក់ដែរថា បើតាមប្រភពពីប្រជាពលរដ្ឋតំបន់ខាងលើបានឲ្យដឹងថា ដីភ្នំក្នុងតំបន់នេះ កំពុងត្រូវបានកាយបំផ្លាញ ដោយក្រុមហ៊ុនចំនួនច្រើនផ្សេងៗពីគ្នា ដោយសំអាងតែអាជ្ញាប័ណ្ណមួយសន្លឹកតែប៉ុណ្ណោះ ធ្វើឲ្យភ្នំទាំងមូលបាត់បង់សោភ័ណភាព និងទ្រង់ទ្រាយដើម សល់តែដីពករដិបរដុប ស្ទើរតែគ្រប់កន្លែងទៅហើយ ដែលជារឿងធ្វើឲ្យពលរដ្ឋ ខឹងសម្បារយ៉ាងខ្លាំង ដោយសារក្រុមហ៊ុនកាយយកអាចម៏ដីទាំងនោះ បង្កផលប៉ះពាល់ដល់ពលរដ្ឋ ដោយសារតែការបើកលឿន ហុយដី និងដឹកគ្មានការគ្របធ្វើឲ្យជ្រុះពេញផ្លូវ ព្រមទាំងប៉ះពាល់លើដីអាស្រ័យផល របស់ពលរដ្ឋ ដូចជាក្រុមហ៊ុនមួយនេះជាដើម ខណៈដែលពលរដ្ឋលើកឡើងថា ពួកគាត់សុំដីត្រឹមដាំដុះអាស្រ័យផល ត្រូវបានគេហាមឃាត់ តែបើក្រុមហ៊ុនវិញ ចង់កាយរំលាយភ្នំបែបណាក៏បាន ឲ្យតែមានអាជ្ញាប័ណ្ណ៕ រូបភាព និងអត្ថបទ៖ fk news