ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូកុងបីឥណ្ឌាមួយគ្រឿង ក្នុងល្បឿនលឿនជ្រុលទៅបុកគូទ រថយន្តហាយឡិនឌ័រមួយគ្រឿង ខណៈកំពុងឈប់ភ្លើងស្តុបពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ម្ចាស់កង់បីរបួសបែកមុខបែកមាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០ នាទីយប់ថ្ងៃទី ១ ខែមីនាឆ្នាំ ២០២០ស្ថិតនៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញ បុរសជនជាតិចិនពីនាក់ បើករថយន្តហាយឡិនឌ័រមួយគ្រឿង ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2AH-2430 ធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានឈប់នៅភ្លើងស្តុប ខណៈនោះក៏មានម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ1HU-8743 បើកបរដោយបុរសម្នាក់ ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅ បុករថយន្តហាយឡិនឌ័រពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាត ផ្នែកខាងក្រោយយ៉ាងដំណំ ចំណែកម៉ូតូកង់បីរួញមួយកំណាត់មុខ ម្ចាស់របួសបែកមុខបែកមាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា អស់រយៈពេលជាង១ម៉ោង ដោយខាងភាគីជនជាតិចិន ឃើញម៉ូតូកង់បីរងការខូចខាត និងម្ចាស់រងរបួសក្នុងផងនោះ បានជួយ១០០ដុល្លារ តែថាខាងភាគីម៉ូតូកង់បីមិនព្រម ទើបខាងភាគីជនចិន បានប្រគល់ឲ្យទៅសមត្ថកិច្ច ធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល