កំពត៖ សមត្ថកិច្ចក្រុងបូកគោដែលមានដែលមានឯកសណ្ឋានស៊ីវិល បានឃាត់បានរថយន្តដឹកប្រេង១គ្រឿង មានស្លាកលេខភ្នំពេញ 2S-8931 របស់ឈ្មួញឈ្មោះហ៊ាទ្រី ដំបូងរកឃេីញថាប្រេងខុសច្បាប់ បន្ទាប់មកទៀតក៏លែងទៅវិញបាត់ ក្រោយពេលត្រួតពិនិត្យរួចហេីយ និងមានទូរស័ព្ទហៅរត់ការខ្វាត់ខ្វែង អស់ប្រហែលរយៈពេល២ម៉ោង។
ការឃាត់រថយន្តដឹកប្រេងនេះ បានធ្វេីឡេីងនៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៣ មុខហាងគុយទាវយីហោអុងម៉ុង ក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
បេីតាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា រថយន្តដឹកប្រេងខាងលេី ត្រូវបានគេស្គាល់ថាជារបស់ឈ្មួញប្រេងឈ្មោះហ៊ាទ្រី ជាថៅកែស្ថានីយ៍ប្រេងយីហោ Sokimex ជិតស្ពានស្រះប៉ោង ផ្លូវជាតិលេខ៣ ហេីយរថយន្តដឹកប្រេងមួយនេះ គឺបានដឹកប្រេងចេញពីតំបន់ភាគខាងលិចនៃខេត្តកំពត ជាប្រភពប្រេងមិនច្បាស់លាស់ ដឹកសឹងតែជាប្រចាំថ្ងៃ ពេលឃេីញសមត្ថកិច្ចឃាត់ឡានប្រេងនេះ ប្រជាពលរដ្ឋដែលដឹងរឿងនេះ បាននាំគ្នាសាទរ តែផ្ទុយទៅវិញ សមត្ថកិច្ចបានត្រឹមតែឃាត់ ហេីយអង្គុយរងចាំមួយសន្ទុះក៏លែងវិញបាត់ ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ថា រថយន្តនោះដឹកប្រេងចេញពីប្រភពណា មានបញ្ជីស្របច្បាប់ឬទេ ហេីយតេីការឃាត់នេះដោយសារតែសមត្ថកិច្ចច្រឡំយកការណ៍មិនបានច្បាស់ ឬមួយក៏ដោយសារតែមានការអន្តរាគមន៍ពីខាងលេី ទេីបលែងបែបនេះ។
ពាក់ព័ន្ធនឹងចម្ងល់របស់ប្រជាពលរដ្ឋបែបនេះ ក្រុមការងារយេីងមិនទាន់អាចសុំការពន្យល់បកស្រាយពីលោកវរសេនីយ៍ទោ ព្រាប សាមិត្ត អធិការនគរបាលក្រុងបូកគោ បាននៅឡេីយទេនៅល្ងាចថ្ងៃដដែលនេះ អំពីមូលហេតុដែលនាំឲ្យមានការដោះលែងរថយន្តដឹកប្រេងសាំងនេះ ដោយសារតែទូរស័ព្ទចូលលោកថារវល់ ពុំទាន់មានពេលបំភ្លឺ ដោយចាំណាត់ជួបអ្នកសារព័ត៌មានបំភ្លឺនៅអធិការដ្ឋានវិញ។
ចំណែកអ្នកបេីករថយន្តដឹកប្រេងសាំងខាងលេី មុនពេលបេីករថយន្តពីកន្លែងសមត្ថកិច្ចឃាត់ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានយេីងថា ប្រេងនេះគឺយកមកពីតំបន់វាលរេញ ទឹកដីខេត្តព្រះសីហនុ ហេីយថៅកែរបស់ពួកគេឈ្មោះហ៊ាទ្រីបានទូរស័ព្ទនិយាយជាមួយមេៗរួចហេីយ មេគេឲ្យទៅ។
គ្រានោះសមត្ថកិច្ចដែលកំពុងអង្គុយចាំចំណាត់ការរបស់មេ ក៏បានឃាត់ និងរារាំងរថយន្តនេះបានដែរ តែនៅពេលឮថា មេជាអ្នកឲ្យទៅ ក៏ឈប់សួរនាំ។
មកដល់ពេលនេះ អង្គភាពរបស់យេីងក៏ដូចជាអ្នកដែលឃេីញហេតុការណ៍ ក៏កំពុងតែចង់ដឹងដែរថា រថយន្តនោះត្រូវបានដឹកទៅណាបន្តទៀត ខណៈដែលសមត្ថកិច្ច និងឈ្មួញចែកផ្លូវគ្នា ដោយសមត្ថកិច្ចទៅខាងលិច រីឯឡានប្រេងទៅទិសខាងកេីត៕